ព័ត៌មានអន្តរជាតិ

យូអិន ត្រូវការទឹកប្រាក់បន្ថែម ៣៦០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីសម្រេចបាន សមភាពយេនឌ័រនៅឆ្នាំ២០៣០

រូបភាពពី៖​ XINHUA

យូអិន៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការវិនិយោគបន្ថែមចំនួន ៣៦០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ គឺត្រូវការជាចាំបាច់ ដើម្បីសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនៅទូទាំងគោលដៅសកលលោកសំខាន់ៗនៅឆ្នាំ២០៣០។

ការបោះពុម្ភផ្សាយ “វឌ្ឍនភាពលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៖ រូបថតយេនឌ័រឆ្នាំ ២០២៣” ត្រូវបានផលិតរួមគ្នាដោយអង្គការសហប្រជាជាតិស្ត្រី និងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។

របាយការណ៍ប្រចាំឆ្នាំចុងក្រោយបំផុតបានផ្តល់ការវិភាគយ៉ាងទូលំទូលាយអំពីស្ថានភាពបច្ចុប្បន្ននៃសមភាពយេនឌ័រនៅទូទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំង ១៧ និងបានគូសបញ្ជាក់ពីនិន្នាការ គម្លាត និងការធ្លាក់ចុះថ្មីៗលើដំណើរឆ្ពោះទៅរកការសម្រេចបានសមភាពយេនឌ័រនៅឆ្នាំ២០៣០។

របាយការណ៍បានគូររូបភាពគួរឱ្យព្រួយបារម្ភពាក់កណ្តាលនៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលបង្ហាញថា ពិភពលោកកំពុងខ្វះខាតក្នុងការសម្រេចបានសមភាពយេនឌ័រ ទោះបីជាមានការខិតខំប្រឹងប្រែងជាសកលក៏ដោយ។

របាយការណ៍បានព្រមានថា ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត ស្ត្រី និងកុមារីជាង ៣៤០លាននាក់ ឬប្រមាណ ៨ ភាគរយនៃចំនួនប្រជាជនស្ត្រីលើពិភពលោកនឹងរស់នៅក្នុងភាពក្រីក្រខ្លាំងនៅឆ្នាំ២០៣០ ហើយជិត ១ ក្នុងចំណោម ៤ នាក់នឹងជួបប្រទះនឹងអសន្តិសុខស្បៀងកម្រិតមធ្យម ឬធ្ងន់ធ្ងរ។ ​

របាយការណ៍បានឲ្យដឹងថា គម្លាតយេនឌ័រនៅក្នុងអំណាច និងមុខតំណែងជាអ្នកដឹកនាំនៅតែមានដដែល ដោយកត់សម្គាល់ថា តាមអត្រានៃវឌ្ឍនភាពបច្ចុប្បន្ន ស្ត្រីជំនាន់ក្រោយនឹងនៅតែចំណាយពេលជាមធ្យម ២,៣ ម៉ោងទៀតក្នុងមួយថ្ងៃលើការថែទាំ ដែលមិនមានប្រាក់ខែ និងការងារផ្ទះជាងបុរស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top