នៅថ្ងៃទី ៧ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការចោទប្រកាន់មិនសមហេតុផលរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
អ្នកសារព័ត៌មានបានសួរថា តាមដឹង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា តំណាងអាមេរិកបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលចំពោះប្រទេសចិនអំពីបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។
តើចិនឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?
អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា តំណាងអាមេរិកមិនអើពើនឹងការពិត ហើយបានធ្វើការចោទប្រកាន់ដោយមិនសមហេតុផលចំពោះប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងមិនទទួលយកជាដាច់ខាត ហើយបានលើកឡើងនូវការតវ៉ាយ៉ាងតឹងរ៉ឹងចំពោះភាគីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។
សកម្មភាពបំបែកបំបាក់របស់កម្លាំងអបគមន៍និយមដែលចង់ឱ្យ”តៃវ៉ាន់ឯករាជ្យ”និងការបណ្តែតបណ្តោយដោយកម្លាំងខាងក្រៅគឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៃច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យបានបន្តថា ប្រទេសចិនតែងតែប្រឆាំងនឹងប្រទេសមួយចំនួននៅក្រៅតំបន់ដែលបង្កបង្កើតរឿងហេតុនិងញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូង ដើម្បីបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបាននិងកំពុងជំរុញយ៉ាងសកម្មនូវការពិគ្រោះពិភាក្សាស្តីពី”ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង”។
បណ្តាប្រទេសនៅក្រៅតំបន់គួរតែគោរពកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ក្នុងការពិគ្រោះពិភាក្សាក្រមសមុទ្រចិនខាងត្បូង និងរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន