ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីបារាំង ថា អាមេរិក កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីធ្វើឱ្យអឺរ៉ុប ចុះខ្សោយ

រូបភាពពី៖​ AFP

បរទេស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បាននិយាយប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុប ទេ ហើយនឹងបំផ្លាញឯករាជ្យភាពរបស់ទ្វីបនេះថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV កាលពីថ្ងៃពុធ លោក Sarkozy បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យមានការសម្របសម្រួលរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ដោយកត់សម្គាល់ថា ជម្លោះបានឆក់យកជីវិតមនុស្សប្រហែលកន្លះលាននាក់រួចហើយ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន។

លោកបានបន្ថែមថា “ប៉ុន្តែយើងបន្តដោយសារតែនៅមហាវិថី Saint-Germain ពួកគេមានភាពក្លាហានណាស់ក្នុងការបញ្ជូនយុវជនអ៊ុយក្រែនឱ្យស្លាប់” ដោយសំដៅលើផ្លូវដែលទទួលបានកេរ្តិ៍ឈ្មោះជាកន្លែងសម្រាប់ការជជែកពិភាក្សានយោបាយដ៏ក្ដៅគគុកក្នុងចំណោមបញ្ញវន្តបារាំង។

ខណៈ​ដែល​បរិហារ​រុស្ស៊ី​ថា​ជា​អ្នក​ឈ្លានពាន​ក្នុង​ជម្លោះ​នោះ លោក​ Zarkozy បាន​និយាយ​ថា​ លោក​ជឿ​ថា​ ការ​ចូល​ជា​សមាជិក​របស់​អ៊ុយក្រែន​ក្នុង​អង្គការ​ណាតូ និង​សហភាព​អឺរ៉ុប ដែល​ទីក្រុង​គៀវបាន​ស្វែងរក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​នាំ​ឲ្យ​មាន​សន្តិភាព​នោះទេ។ លោក​បាន​កត់​សម្គាល់​ថា​ «​ព្រោះថា ប្រសិន​បើ​អ្នក​នាំ​អ៊ុយក្រែន​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប អ្នក​ពង្រឹង​អឺរ៉ុប​អាមេរិក ខណៈ​ដែល​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាមេរិក»៕ ប្រែសម្រួលៈ ណៃ តុលា

To Top