ព័ត៌មានអន្តរជាតិ

ស៊ីរី ​ថ្កោលទោស ​ការ​ចូល ​របស់​គណៈប្រតិភូ​អាមេរិក ​ដោយ​គ្មាន​ការ​អនុញ្ញាត

ប្រភព ៖ Xinhua
" "

ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី ​បានថ្កោលទោសការចូល “ដោយគ្មានការអនុញ្ញាត” នាពេលថ្មីៗនេះនៃគណៈប្រតិភូសហរដ្ឋអាមេរិក ដែលដឹកនាំដោយឧបការីរង ក្រសួងការបរទេស Ethan A. Goldrich ចូលទៅក្នុងទឹកដីភាគឦសានរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងម៉ឺងម៉ាត់ ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី “ថ្កោលទោសយ៉ាងដាច់អហង្កា” ដំណើរទស្សនកិច្ចនេះថា ជាការរំលោភអធិបតេយ្យភាពរបស់ប្រទេស និង ជាការរំលោភលើច្បាប់អន្តរជាតិ និងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ទាក់ទងនឹងប្រទេសស៊ីរី។

" "

ក្រសួងបានឲ្យដឹងថា កិច្ចប្រជុំរបស់គណៈប្រតិភូអាមេរិក ជាមួយមេបញ្ជាការ នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយឃឺដ “បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ទាក់ទងនឹងអធិបតេយ្យភាព របស់ប្រទេសស៊ីរី និងគោលការណ៍ច្បាប់អន្តរជាតិ” ។

" "

ស៊ីរីបានច្រានចោលការអះអាង របស់គណៈប្រតិភូ ដែលថា ដំណើរទស្សនកិច្ចរបស់ពួកគេ ក្នុងគោលបំណងដោះស្រាយបញ្ហា ដែលប្រឈមមុខដោយអ្នកស្រុក នៅក្នុងខេត្ត Deir al-Zour ភាគខាងកើតរបស់ប្រទេសស៊ីរី និងប្រយុទ្ធប្រឆាំង នឹងការជ្រៀតជ្រែកពីបរទេសថាជា “ការភូតភរ”។

​ក្រសួងការបរទេស ស៊ីរីបានបញ្ជាក់ថា “ព្រឹត្តិការណ៍នេះ គូសបញ្ជាក់ពី “ជំហរលាក់ពុត ដែលធ្វើឡើងដោយរដ្ឋបាល សហរដ្ឋអាមេរិក” ​ដោយបានចោទប្រកាន់បន្ថែមទៀតថា សហរដ្ឋអាមេរិក កំពុងកេងប្រវ័ញ្ចយ៉ាងសកម្មនូវធនធាន និងសមត្ថភាពរបស់ប្រទេសស៊ីរី ខណៈពេលដែលកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី ដែលរដ្ឋាភិបាលយល់ថាជា “អយុត្តិធម៌ មិនស្របច្បាប់ អមនុស្សធម៌ និងអសីលធម៌”។

ក្រសួងបានបន្តអះអាងថា ការជ្រៀតជ្រែកដោយឥតលាក់លៀម របស់សហរដ្ឋអាមេរិកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី រួមជាមួយនឹងការគាំទ្រ យ៉ាងទូលំទូលាយរបស់ខ្លួន សម្រាប់ក្រុមភេរវករ និងកងជីវពលបំបែកខ្លួន គ្រាន់តែជាការគូសបញ្ជាក់ “តួនាទីបំផ្លិចបំផ្លាញដែលដើរតួ ដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top