បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តី មេដឹកនាំចលនាពលរដ្ឋក្នុងស្រុកមកពីតំបន់ Zaporozhye ថា កងកម្លាំងរុស្ស៊ីបានកម្ទេចរថក្រោះ Challenger 2 ទីពីរដោយជោគជ័យ ដែលជារថក្រោះក្នុងចំណោម ១៤គ្រឿងដែលទីក្រុងឡុងដ៍ បានផ្គត់ផ្គង់ដល់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រថក្រោះនេះត្រូវបានរុស្ស៊ី ប្រើមីស៊ីលប្រភេទ Kornet បាញ់ប្រហារ, នេះបើតាមលោក Vladimir Rogov ដែលជាមេដឹកនាំនៃចលនា “យើងរួមគ្នាជាមួយរុស្ស៊ី” បានប្រាប់ RIA Novosti ។
លោក Rogov បាននិយាយថា “រថក្រោះទីពីរត្រូវបានបំផ្លាញដោយកងទ័ពអាកាសរុស្ស៊ី។ លោកថា អាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេស “ត្រូវឆេះ ព្រមទាំងឧបករណ៍លោកខាងលិចផ្សេងទៀត” ក៏ត្រូវបំផ្លាញដែរ ។ សកម្មជនរូបនេះមិនបានបញ្ចេញឈ្មោះ ប្រភពរបស់ខ្លួនសម្រាប់ព័ត៌មាននេះទេ។
ទាំងទីក្រុងគៀវ និង ទីក្រុងមូស្គូ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការ លើការអភិវឌ្ឍន៍ដែលបានរាយការណ៍ មកទល់ពេលនេះទេ។ ទីក្រុងឡុងដ៍ ដែលបានបញ្ជាក់ពីការបំផ្លិចបំផ្លាញរថក្រោះ Challenger 2 ដំបូងបង្អស់ក្នុងប្រទេសអ៊ុយក្រែន កាលពីដើមសប្តាហ៍នេះ ក៏មិនបានផ្តល់យោបល់អ្វីដែរ ៕
ប្រែសម្រួលៈ ណៃ តុលា