បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទីក្រុងនៅភាគខាងកើតបំផុត នៃប្រទេសរុស្សី Vladivostok បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដល់ទៅរាប់ពាននាក់ នៅក្នុងវេទិកាសេដ្ឋកិច្ច EEF កាលពីថ្ងៃអាទិតម្សិលមិញនេះ ដើម្បីលើកកំពស់ការផ្លាស់ប្តូរ វប្បធម៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។
លោក Yuri Trutnev ឧបនាយករដ្ឋមន្ត្រី និងជាបេសកជនពេញសមត្ថភាព របស់ប្រធានាធិបតីប្រចាំតំបន់ Far Eastern Federal District បាននិយាយថា EEF ត្រូវបានគេរំពឹងថា នឹងទាក់ទាញ អ្នកចូលរួមប្រហែល៧០០០រួម ទាំងអ្នកតំណាង ប្រព័ន្ធផ្សព្វផ្សាយផងដែរ។
លោកបានកត់សម្គាល់ទៀតថា វេទិកាសេដ្ឋកិច្ចលើកទី៨ក៏មានព្រឹត្តិការណ៍អាជីវកម្មជាង ៦០ ដែលគ្របដណ្តប់លើពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ អប់រំ និងវប្បធម៌ផងដែរ។
គួរឲ្យដឹងដែរថា ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ត្រូវបានគេរំពឹងថា នឹងចូលរួម ធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសម័យ ប្រជុំពេញអង្គ ដែលបានគ្រោង ទុកនៅថ្ងៃទី១២ខែកញ្ញាផងដែរ នេះបើតាមការកត់សម្គាល់ របស់អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov ។
តាមផែនការវេទិកាEEF នឹងប្រព្រឹត្តិទៅរយៈពេលបួនថ្ងៃ ហើយវាគឺជាវេទិកា ដែលត្រូវបានរៀបចំដោយមូលនិធិ Roscongress ។ ប្រធានបទឆ្នាំនេះគឺ៖មាគ៌ា នៃកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាព៕
ប្រែសម្រួល៖ស៊ុនលី