ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋាភិបាលសិង្ហបុរី បរិច្ចាគថវិកាចំនួន៥ម៉ឺនដុល្លារ អាមេរិក ជួយដល់ជនរងគ្រោះ ដោយសាររញ្ជួយដី នៅម៉ារ៉ុក

ប្រភព៖ AFP

សិង្ហបុរី៖ សិង្ហបរដ្ឋាភិបាលសិង្ហបុរី នឹងបរិច្ចាគប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើង នៅក្នុងប្រទេសម៉ារ៉ុក ដែលបានសម្លាប់មនុស្សជាង២.០០០នាក់ ។

ក្រសួងការបរទេស ហៅកាត់ថា (MFA) បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះមិនមានរបាយការណ៍ អំពីប្រជាជនសិង្ហបុរី ដែលរងផលប៉ះពាល់ដោយសារ រញ្ជួយដីនេះនោះទេ ។

លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស បានសរសេរទៅកាន់សមភាគីម៉ារ៉ុក លោក Nasser Bourita កាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមរំលែកទុក្ខរបស់គាត់ ។

លោកបណ្ឌិត Balakrishnan បានថ្លែងថា “ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត និងការខូចខាតដ៏សោកនាដកម្ម ដែលការរញ្ជួយដីបានវាយប្រហារមកលើទីក្រុង Marrakech និងតំបន់ជុំវិញនោះ” ។

លោកបានសង្កត់ធ្ងន់ថា “តាងនាមរដ្ឋាភិបាល សិង្ហបុរី ខ្ញុំសូមសម្តែងការអាណិតអាសូរយ៉ាង ជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រួសារ នៃអ្នករងគ្រោះដោយគ្រោះមហន្តរាយនេះ ខ្ញុំសូមជូនពរឱ្យអ្នករង របួសឆាប់ជាសះស្បើយឡើងវិញ” ។

លោកបានថ្លែងថា “ផ្នត់គំនិត និងការអធិស្ឋានរបស់យើង គឺស្ថិតនៅជាមួយប្រជាជនម៉ារ៉ុក នៅក្នុងអំឡុងពេលដ៏លំបាកមួយនេះ” ។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ទិន្នន័យ និងភូមិសាស្ត្រ សហរដ្ឋអាមេរិក បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅតំបន់ភ្នំមួយស្ថិតនៅចម្ងាយ ប្រហែល៧២គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Marrakech ហើយវាគឺជាគ្រោះរញ្ជួយដី ដ៏សាហាវបំផុត ដែលបានវាយប្រហារមកលើប្រទេសនេះ ក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top