ញូវដេលី៖ ប្រមុខគណៈប្រតិភូមីយ៉ាន់ម៉ា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀត ដើម្បីបញ្ឈប់ “អំពើឃោរឃៅផ្នែកយោធា” ដោយរដ្ឋាភិបាលដឹកនាំដោយយោធានៅក្នុងប្រទេសកំណើតរបស់លោក ជាការឆ្លើយតបទៅនឹងការថ្កោលទោសរបស់អាស៊ាន ចំពោះរបបយោធាបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ខ្លួនកាលពីដើមខែនេះ។
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូ ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍ចុងក្រោយ ស្តីពីមីយ៉ាន់ម៉ាដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថា “និយាយឱ្យត្រង់ទៅ វានៅតែមិនបំពេញតាមការរំពឹងទុករបស់យើង” ។
លោក Kyaw Moe Tun ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំស្ថាប័នពិភពលោកនៅទីក្រុងញូវយ៉ក ប្រហែល ៣ខែមុនពេលយោធា បានដណ្តើមអំណាចនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានបន្តកាន់តំណែងរបស់លោក បើទោះបីជារបបយោធាប្រឹងប្រែងបណ្តេញលោកចេញក៏ដោយ។
ទីក្រុងណៃពិដោរ បានជូនដំណឹងដល់អង្គការសហប្រជាជាតិ អំពីផែនការ ដើម្បីជំនួសលោកភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ ប៉ុន្តែអស់រយៈពេលពីរឆ្នាំមកនេះ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុញ្ញាតឱ្យលោក Kyaw Moe Tun បន្តចូលរួមកិច្ចប្រជុំក្នុងនាមប្រទេសរបស់លោក ខណៈពេលដែលពន្យារពេលការសម្រេចចិត្តថាតើត្រូវទទួលស្គាល់តំណាងរបបយោធាមីយ៉ាន់ម៉ា ឬយ៉ាងណា។
នៅក្នុងនោះដែរលោក Kyaw Moe Tun អះអាងថាតំណាងឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការពិគ្រោះយោបល់ជាប្រចាំជាមួយនឹងការដឹកនាំស៊ីវិលស្រមោល គឺរដ្ឋាភិបាលរួបរួមជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា