បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ី បានកម្ទេចកប៉ាល់យោធាល្បឿនលឿនរបស់អ៊ុយក្រែន ចំនួនបីគ្រឿង ដែលធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រគ្រីមៀ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីបានបំផ្លាញទូកល្បឿនលឿនយោធា Willard Sea Force ផលិតដោយសហរដ្ឋអាមេរិកចំនួន៣គ្រឿងនៅភាគខាងលិចនៃសមុទ្រខ្មៅ មិនឆ្ងាយពីកោះពស់។ ទោះបីជា ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនមនុស្សនៅលើទូកក៏ដោយ ប៉ុន្តែក្រោយមកនៅថ្ងៃនោះ ក្រសួងឱ្យដឹងថា កប៉ាល់ល្បឿនលឿនបានដឹកទាហានពិសេសអ៊ុយក្រែនរហូតដល់ ៣៦នាក់។
ជាមួយនឹងផ្ទៃដីត្រឹមតែ ១៧ ហិកតា កោះនេះត្រូវបានទាហានរុស្ស៊ីចាប់យកនៅដើមដំបូងនៃជម្លោះ ប៉ុន្តែត្រូវបានបោះបង់ចោលកាលពីខែមិថុនាឆ្នាំមុន ខណៈដែលទីក្រុងម៉ូស្គូបានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែន។ នៅពេលនោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការដកខ្លួននឹងរារាំងទីក្រុងគៀវពីការប៉ាន់ស្មានលើបញ្ហាវិបត្តិស្បៀងអាហារពិភពលោក។ ទីក្រុងមូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពីខែកក្កដា ដោយលើកឡើងពីការបរាជ័យរបស់លោកខាងលិចក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
មន្ត្រីការពារជាតិក៏បាននិយាយផងដែរថា យោធារុស្ស៊ីបានរារាំង “ការប៉ុនប៉ងវាយប្រហារនៅពេលយប់របស់របបទីក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវកម្ម” លើតំបន់ Crimea ពាក់ព័ន្ធនឹងក្រុមយន្តហោះគ្មានមនុស្សបើក។ សេចក្តីថ្លែងការណ៍បានអានថា ជាលទ្ធផល ការការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក សរុបចំនួន ៨ គ្រឿងចេញពីឆ្នេរសមុទ្រនៃឧបទ្វីបនេះ៕
ប្រែសម្រួលៈ ណៃ តុលា