បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធា នៃប្រទេស អ៊ុយក្រែន បានធ្វើការវាយប្រហារ ដោយដ្រូនផលិត ពីប្រទេសអាល្លឺម៉ង់ ជាលើកដំបូងមកលើទឹកដី របស់ប្រទេសរុស្សី ប៉ុន្តែមិនទទួលជោគជ័យ ក្នុងការវាយប្រហារ លើតំបន់ Bryansk។
ដ្រូនកម្រិតចំងាយមធ្យម ដែលមានឈ្មោះថា Vector ផលិតដោយក្រុមហ៊ុន Quantum systems ត្រូវបានកងកម្លាំងរុស្សី បាញ់ទំលាក់កាលពីថ្ងៃអាទិត្យ នៅក្នុងស្រុក Novozybkov ប៉ុន្តែមិនបានបញ្ជាក់ថា គោលដៅកំណត់ជាអ្វីនោះទេ។
គួរឲ្យដឹងដែរថាដ្រូន Vector គឺជាដ្រូនទី២ ហើយក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ដែលបានវាយប្រហារមក លើទីតាំងក្បែរព្រំដែន រវាងអ៊ុយក្រែននិង រុស្សីដោយក្នុងនោះដ្រូនទី១ បានទំលាក់គ្រាប់បែកទៅលើទីតាំងស្ថានីយរថភ្លើង Druhba ។
គួរឲ្យដឹងដែរថា រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាទិញយន្តហោះគ្មាន មនុស្សបើក Vectorចំនួន ៣០០ គ្រឿងកាលពីដើមឆ្នាំនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការ របស់អង្គការណាតូ ដើម្បីបំពាក់អាវុធដល់ក្រុងគៀវ ក្នុងប្រតិបត្តិការប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ៕
ប្រែសម្រួល៖ស៊ុនលី