ព័ត៌មានអន្តរជាតិ

បញ្ហា​ និងសន្តិសុខប៉ាឡេស្ទីន ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សំខាន់​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត

ប្រភព៖ AFP

យេរ៉ូសាឡឹម៖ អ្នកវិភាគបានឲ្យដឹងថា ទោះបីជាមានឆន្ទៈដ៏មុតមាំរបស់អ៊ីស្រាអែល និងការបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋអាមេរិកក៏ដោយ ការបង្កើតទំនាក់ទំនងការទូតរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត នៅតែប្រឈមមុខនឹងឧបសគ្គយ៉ាងធ្ងន់ធ្ងរ។

ថ្មីៗនេះ ក្រុងវ៉ាស៊ីនតោន បានបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួយអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអាជ្ញាធរប៉ាឡេស្ទីន លើបញ្ហានៃការធ្វើឱ្យទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មានលក្ខណៈធម្មតា។

កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នាទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ដែលអាចធ្វើទៅបាន ខណៈដែលមន្ត្រីជាន់ខ្ពស់អាមេរិកមួយក្រុមបានធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ក្នុងគោលបំណងដូចគ្នា។

យោងតាមអ្នកសង្កេតការណ៍ ការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដែលសម្របសម្រួលដោយចិន កាលពីដើមឆ្នាំនេះ បានដើរតួជាកត្តាសំខាន់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត។

ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមផ្ញើសារទៅកាន់មជ្ឈិមបូព៌ាថា សហរដ្ឋអាមេរិកត្រលប់មកវិញ ហើយនឹងមិនចាកចេញពីតំបន់នោះទេ” នេះបើយោតាមលោក Yoel Guzansky អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាសន្តិសុខជាតិនៃសាកលវិទ្យាល័យ Tel Aviv ​។

លើសពីនេះ កិច្ចព្រមព្រៀងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត គឺស្ថិតនៅក្នុងផលប្រយោជន៍របស់រដ្ឋបាលលោក បៃដិន ដែលចង់បានសមិទ្ធិផលនយោបាយមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Eli Cohen។

សម្រាប់អ៊ីស្រាអែល ការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយបណ្តាប្រទេសអារ៉ាប់ នៅតែជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់អស់រយៈពេលជាច្រើនឆ្នាំ ដោយសារប្រទេសនេះព្យាយាមកែលម្អបរិយាកាសភូមិសាស្ត្រនយោបាយ។

រហូតមកដល់ពេលនេះ ប្រទេសអារ៉ាប់ចំនួន៦ បានធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល រួមទាំងអេហ្ស៊ីប និងហ្ស៊កដានី ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៩០ រៀងៗខ្លួន ព្រមទាំងប្រទេសអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក ដែលបានយល់ព្រមធ្វើទំនាក់ទំនងធម្មតា​ជាមួយ​អ៊ីស្រាអែល​ក្រោម​អ្វី​ដែល​ហៅថា​កិច្ចព្រមព្រៀង​អប្រាហាំ​ឆ្នាំ២០២០។

ឥឡូវនេះ អ៊ីស្រាអែល ​បានកំណត់​ទិសដៅ​របស់ខ្លួន​លើ​អារ៉ាប៊ីសាអូឌីត ដែលជា​មហាអំណាច​មួយ​នៅក្នុង​ពិភព​មូស្លីម។ យោងតាមលោក Guzansky ប្រសិនបើអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានលក្ខណៈធម្មតានោះ វាអាចបណ្តាលឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងអាចត្រួសត្រាយផ្លូវសម្រាប់អ៊ីស្រាអែល ក្នុងការបង្កើតទំនាក់ទំនងផ្លូវការជាមួយប្រទេសអារ៉ាប់ បន្ថែមទៀត។

តាមទស្សនៈរបស់អារ៉ាប៊ីសាអូឌីត ឥឡូវនេះបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការផ្សះផ្សាក្នុងតំបន់ និងបង្កើតបរិយាកាសខាងក្រៅដែលអំណោយផលដល់ការអភិវឌ្ឍន៍ ដែលស្រដៀងទៅនឹងគោលបំណងរបស់អ៊ីស្រាអែល។ បន្ទាប់ពីការធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ មានលក្ខណៈធម្មតា អារ៉ាប៊ីសាអូឌីត ក៏បានគាំទ្រការវិលត្រឡប់របស់ស៊ីរី ទៅកាន់សម្ព័ន្ធរដ្ឋអារ៉ាប់ និងបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសតួកគី៕ប្រែសម្រួល ឈូក បូរ៉ា


To Top