បរទេស៖ ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យបានប្រកាសបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាព ដែលជាការធ្វើឱ្យប្រសើរឡើង ជាប្រវត្តិសាស្ត្រដ៏សំខាន់ ពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នាពេលបច្ចុប្បន្ន ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការពង្រីកទំនាក់ទំនងនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សា រវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម (CPV) លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក Joe Biden នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិម CPV នៅទីក្រុងហាណូយ។
លោក Biden បានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅវៀតណាម តាមការអញ្ជើញ របស់មេដឹកនាំបក្សវៀតណាម។
អគ្គលេខាបក្សលោក Truong បានស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Biden មកកាន់វៀតណាម ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងដៃគូលើគ្រប់វិស័យ។
ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស និងជាឱកាសសម្រាប់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក៕
ប្រែសម្រួលៈ ណៃ តុលា