“ការចូលជាសមាជិក នៃក្រុមប្រទេសG20 នឹងលើកកម្ពស់យ៉ាង លេចធ្លោ នូវសម្លេង តម្លាភាពនិងឥទ្ធិពល របស់ទ្វីបអាហ្រ្វិក ។ “ក្នុងរយៈពេល២៤ម៉ោងកន្លងមក មជ្ឈដ្ឋាននយោបាយ និងមតិសាធារណអាហ្រ្វិក ពោរពេញ ទៅដោយភាពរីករាយ ។
ថ្ងៃទី១០ខែកញ្ញា កិច្ចប្រជុំកំពូលG20 នៅទីក្រុងញូវដេលីបានបិទបញ្ចប់ ។ ក្នុងនាមជាលទ្ធផលដ៏សំខាន់មួយនៃកិច្ចប្រជុំ ភាគីនានាបានឯកភាពគ្នាថា នឹងអញ្ជើញសហភាពអាហ្រ្វិក ឱ្យចូលជាសមាជិក ក្រុមប្រទេស G20 ជាផ្លូវការ ។ នេះបានបញ្ចប់ប្រវត្តិសាស្រ្ត ដែលក្នុងយន្តការនេះមានប្រទេស អាហ្វ្រិកខាងត្បូង តែមួយគត់ បានមកពីទ្វីបអាហ្រ្វិក ។ សហភាពអាហ្រ្វិក ក៏បានក្លាយជាអង្គការ ក្នុងតំបន់ទីពីរ ដែលបានចូលជាសមាជិក នៃក្រុមប្រទេស G20 បន្ទាប់ពីសហភាពអឺរ៉ុបផងដែរ ។ នេះគឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលយូរ របស់សហភាពអាហ្រ្វិក និងបណ្តាប្រទេសអាហ្រ្វិក ហើយក៏មិនអាចឃ្លាតពីការវិវត្ត នៃនិម្មាបនកម្មពិភពលោក និងការជំរុញពីកម្លាំងខាងក្រៅដែរ ។
សហភាពអាហ្រ្វិក បានបង្កើតឡើងនៅឆ្នាំ២០០២ ហើយត្រូវបានបង្កើតឡើង ដោយប្រទេសអាហ្វ្រិកចំនួន៥៥ ដែលប្រកបដោយ លក្ខណៈតំណាងយ៉ាង ទូលំទូលាយ ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហភាពអាហ្រ្វិក បានធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីតំណាងឱ្យ ផលប្រយោជន៍ រួមរបស់ទ្វីបអាហ្រ្វិក ទាំងមូលបញ្ចេញ មតិយោបល់ លើឆាកអន្តរជាតិ ហើយបានស្វែង រកការចូលជាសមាជិក នៃក្រុមប្រទេសG20 ដែលជាវេទិកាដ៏សំខាន់ សម្រាប់អភិបាលកិច្ច សេដ្ឋកិច្ចសកល ព្រមទាំងបានធ្វើកិច្ចខិតខំប្រឹងប្រែង អស់រយៈពេល៧ឆ្នាំ ដើម្បីសម្រេចបាននូវគោលដៅនេះ។
បើសិនជាមើលពីបរិយាកាសខាងក្រៅ ស្របពេលដែលសេដ្ឋកិច្ចអាហ្រ្វិក បានរួមបញ្ចូលជាមួយពិភពលោកជាបន្តបន្ទាប់ កម្រិតនៃការចូលរួមក្នុង កិច្ចការពិភពលោក របស់អាហ្វ្រិកបានកើន ឡើងយ៉ាងច្បាស់លាស់។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា ក្នុងដំណើរការជំរុញ ឱ្យសហភាពអាហ្រ្វិក ចូលជាសមាជិកនៃក្រុមប្រទេសG20 ប្រទេសចិនបានដើរតួនាទីយ៉ាងគន្លឹះ ។
ក្នុងនាមជាមិត្តល្អ របស់បណ្តាប្រទេសអាហ្វ្រិក ជានិច្ចកាល ភាគីចិន តែងតែគាំទ្រប្រទេសអាហ្វ្រិក និង សហភាពអាហ្វ្រិក ក្នុងការដើរតួនាទីកាន់តែធំ ក្នុងកិច្ចការ អន្តរជាតិនិងតំបន់ ផ្តួចផ្តើមឱ្យដោះស្រាយជាអាទិភាព នូវការទាមទាររបស់អាហ្វ្រិក លើបញ្ហាកំណែទម្រង់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ហើយ គឺជាប្រទេសដំបូងគេ បង្អស់ដែលបង្ហាញ អាកប្បកិរិយា យ៉ាងច្បាស់លាស់ថា គាំទ្រសហភាពអាហ្វ្រិក ចូលជាសមាជិកនៃក្រុមប្រទេសG20 ។
ក្រុមប្រទេសG20គឺជាវេទិកាសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ។ នៅពេលដែលសហភាពអាហ្រ្វិក ដែលតំណាងឱ្យប្រទេសចំនួន៥៥ និងគ្របដណ្តប់ចំនួនប្រជាជនជាង ១ពាន់៤រយលាននាក់ ចូលជាសមាជិកនៃក្រុមប្រទេសG20 តើនឹងនាំមកនូវអ្វី ដល់អាហ្រ្វិកនិងពិភពលោក?
អាហ្រ្វិកគឺជាទ្វីបដែលមានបណ្តុំប្រទេស កំពុងអភិវឌ្ឍន៍ច្រើនជាងគេ ហើយមានសក្តានុពល អភិវឌ្ឍន៍យ៉ាងខ្លាំង។ នាពេលបច្ចុប្បន្ននេះ ទ្វីបអាហ្រ្វិកកំពុងពន្លឿន ការកសាងតំបន់ពាណិជ្ជកម្មសេរី។ បន្ទាប់ពីចូលជាសមាជិកនៃក្រុមប្រទេស G20 ក្នុងនាមជាតួអង្គមួយ អាហ្រ្វិកទទួលបាន នូវមធ្យោបាយដ៏សំខាន់ សម្រាប់ទាក់ទង និងសម្របសម្រួល គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយអង្គភាពសេដ្ឋកិច្ចសំខាន់ៗ លើពិភពលោក ។ នេះនឹងមានអំណោយផល ដល់ប្រទេសអាហ្រ្វិកក្នុងការទប់ទល់ នឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដូចជាការកើនឡើង នៃហានិភ័យបំណុល ការប្រែប្រួលនៃអាកាសធាតុនិងសន្តិសុខ ស្បៀងអាហារជាដើម។
បើមើលពីរយៈពេលវែង អាហ្រ្វិកមាន ឧត្តមភាពផ្នែកធនធាន ចំនួនប្រជាជននិងទីផ្សារយ៉ាងធំធេង។ បើសិនជារួមបញ្ចូលជាមួយសេដ្ឋកិច្ច ពិភពលោកឱ្យកាន់តែ ប្រសើរអាហ្វ្រិក នឹង បញ្ចេញសក្តានុពលអភិវឌ្ឍន៍កាន់តែច្រើន និងជំរុញឱ្យទ្វីបអាហ្វ្រិក សម្រេចបាននូវ《របៀបវារៈឆ្នាំ២០៦៣》 របស់សហភាពអាហ្វ្រិកក្នុងពេលឆាប់ៗ ។
នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ មិនថាដើម្បីសម្រេចបាននូវសន្តិភាព និងភាពសុខសាន្តត្រាន ឬដើម្បីស្វែងរកការអភិវឌ្ឍប្រកប ដោយភាពបរិយាប័ន្នក៏ដោយ ក៏អាហ្រ្វិក សុទ្ធតែជាភាគីមានផលប្រយោជន៍ពាក់ព័ន្ធ ហើយមិនគួរក្លាយជា “ចំណែកភាគច្រើន ដែលត្រូវបានមើលរំលង “ទៀតទេ ។ អាហ្រ្វិកសព្វថ្ងៃនេះមិនត្រូវការ”ពួកអាណានិគម”និង”អ្នកប្រៀនប្រដៅ”ទេ ប៉ុន្តែត្រូវការសមភាព ការគោរពនិងកិច្ចសហប្រតិបត្តិការកាន់តែច្រើន ។ បើនិយាយក្នុងន័យនេះ ការចូលជាសមាជិក នៃក្រុមប្រទេសG20របស់សហភាពអាហ្រ្វិក គ្រាន់តែជាការចាប់ ផ្តើមតែប៉ុណ្ណោះ ៕
អត្ថបទ និងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន