ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី វៀតណាម ហៅទំនាក់ទំនង វៀតណាម-អាមេរិក ថាល្អបំផុតដែលមិនធ្លាប់មាន និងថា ទំនាក់ទំនងនេះថា ជាគំរូមួយក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងអន្តរជាតិ

ប្រភព៖ VNA

បរទេស ៖ ប្រធានាធិបតីវៀតណាម លោក Vo Van Thuong កាលពីថ្ងៃចន្ទ បានរៀបចំពិធីជប់លៀង ជូនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញ របស់អគ្គលេខាបក្ស លោក Nguyen Phu Trong។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Thuong បានសម្តែងនូវជំនឿថា ដោយមានការជឿទុកចិត្តគ្នា ការយោគយល់ និងការគោរពគ្នា ទៅវិញទៅមក ហើយសន្ទុះថ្មី ដែលបានបង្កើតឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាម របស់លោក Biden វៀតណាម-អាមេរិក ។ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍប្រកបដោយចីរភាព នឹងរីកចម្រើនយ៉ាងខ្លាំងក្លា និងជាក់ស្តែង នាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ និងពិភពលោក។

លោកបន្តថា ទំនាក់ទំនងវៀតណាម-អាមេរិក គឺល្អបំផុត ដែលមិនធ្លាប់មាន ដោយលោកបានហៅ ទំនាក់ទំនងនេះថា ជាគំរូមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិ ក្នុងការសះជាជាមួយគ្នា និងការកសាងទំនាក់ទំនងក្រោយសង្គ្រាម។

លោក Vo Van Thuong បានចាត់ទុកលទ្ធផលនេះ ចំពោះការខិតខំប្រឹងប្រែង រួមគ្នាក្នុងការហែលឆ្លងកាត់ឧបសគ្គ និងការឡើងចុះនៃប្រវត្តិសាស្ត្រ ដោយជំនាន់មេដឹកនាំ ជំនាន់មុន និងប្រជាជននៃប្រទេសទាំងពីរ ។

ប្រធានាធិបតីវៀតណាមរូបនេះបន្ថែមទៀតថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានមើលឃើញនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន និងការអភិវឌ្ឍន៍ខ្លាំងបំផុត ដែលមិនធ្លាប់មាន ជាមួយនឹងសមិទ្ធិផលលេចធ្លោក្នុងវិស័យសហប្រតិបត្តិការដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ-បណ្តុះបណ្តាល យន្តការសន្ទនា និងការសម្របសម្រួលក្នុងបញ្ហាជាច្រើន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top