ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី កំពុងសម្លឹងមើលពីការនាំចូលអង្ករ ពីបណ្តាប្រទេសនៅតំបន់អាស៊ី

រូបភាពពី៖​ AFP

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថាលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី កំពុងសម្លឹងមើលពីការនាំចូលអង្ករពីបណ្តាប្រទេសនៅតំបន់អាស៊ីផ្សេងទៀត ដូចជា ប្រទេសចិន ឥណ្ឌា ព្រះរាជាណាចក្រកម្ពុជា និងបង់ក្លាដេស ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង ។
លោក Widodo បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ឃ្លាំងនៃទីភ្នាក់ងារភស្តុភារជាតិ (Bulog) របស់ប្រទេសខ្លួនៅក្នុងទីក្រុង Bogor ខេត្ត West Java ថា ទីភ្នាក់ងារនេះបច្ចុប្បន្នមានអង្ករមិនតិចជាង១,៦លានតោននៅក្នុងស្តុក ដែលវាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការបច្ចុប្បន្ននេះ ។

យ៉ាងណាមិញ លោកបានថ្លែងថា ការនាំចូលនៅតែចាំបាច់ដើម្បីដោះស្រាយទៅលើផលប៉ះពាល់នៅក្នុងឆ្នាំនេះ និងដើម្បីធានាដល់ការផ្គត់ផ្គង់រហូតដល់ឆ្នាំក្រោយ ។

លោក Widodo បានប្រាប់ដល់អ្នកយកព័ត៌មានថា “ករណីនេះក៏ដើម្បីធានាថា យើងមានស្តុកទុកដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃស្បៀង ដោយសារតែផលិតកម្មត្រូវបានគេរំពឹងថា នឹងថយចុះដោយសារតែការកើនឡើងនៃកម្តៅមហាសមុទ្រ” ។

ទាក់ទិននឹងផែនការនាំចូលនេះដែរ លោក Widodo បានថ្លែងថា លោកបានលើកឡើងអំពីរឿងនេះជាមួយមេដឹកនាំប្រទេសអាស៊ីផ្សេងទៀតនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) លើកទី៤៣នៅទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុន ៕​​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top