ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះទឹកជំនន់នៅលីប៊ី កើនឡើងលើសពី ៣.០០០នាក់ហើយ

Xinhua

ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា យោងតាមក្រសួងមហាផ្ទៃ ដែលមានមូលដ្ឋាននៅ ភាគខាងកើតនៃប្រទេសលីប៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបានបង្កមហន្តរាយដ៏ធ្ងន់ធ្ងរ ហើយបានវាយប្រហារមកលើទីក្រុង Derna ស្ថិតនៅភាគខាងកើតនៃប្រទេសលីប៊ី កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៣,០៦០នាក់ហើយ ខណៈមនុស្សចំនួន ៥.២០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។

លោក Tareq al-Kharraz អ្នកនាំពាក្យក្រសួងខាងលើ បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា “អាជ្ញាធរបានកប់សាកសពចំនួន ២.៨០០នាក់ បន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេ កំណត់អត្តសញ្ញាណពួកគេរួច ខណៈដែលសាកសពមិនស្គាល់ អត្តសញ្ញាណចំនួន ២៦០នាក់ តម្កល់ទុកនៅក្នុងមន្ទីរពេទ្យរបស់ ទីក្រុងខាងលើនៅឡើយ ។

លោក Al-Kharraz បានបញ្ជាក់ថា មនុស្សចំនួនចំនួន ៥.២០០នាក់បានបាត់ខ្លួន ដោយបានសង្កត់ធ្ងន់ថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចនឹង កើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត ហើយសាកសពបន្ថែមនៅតែបន្តត្រូវបាន រកឃើញពីទីតាំងផ្សេងៗនៅក្នុងទីក្រុងនេះ ។

យោងតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ជំនួយ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ បានចាប់ផ្តើមទៅដល់ទីក្រុង Derna កាលពីថ្ងៃអង្គារ ដោយប្រើពេលលើសពី៣៦ម៉ោង បន្ទាប់ពីគ្រោះមហន្តរាយបាន វាយប្រហារទីក្រុងឆ្នេរសមុទ្រមួយនេះ ហើយគ្រោះទឹកជំនន់បានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ឬបំផ្លាញទាំងស្រុងនូវផ្លូវចូលជាច្រើន ដែលធ្វើឲ្យផ្ទះរបស់ពលរដ្ឋ នៅក្នុងក្រុងនេះប្រហែល ៨៩.០០០ខ្នងរងការខូចខាត ។

ទន្ទឹមនឹងនេះដែរ លោក Tamer Ramadan បេសកជនលីប៊ីតំណាងឱ្យសហព័ន្ធអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានប្រាប់ឲ្យដឹងនៅក្នុងកិច្ចប្រជុំរបស់ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា លោកជឿជាក់ថា នៅតែមានមនុស្សយ៉ាងហោចណាស់ ១០.០០០នាក់ មិនទាន់បានរាប់បញ្ចូលនៅក្នុងតំបន់រងគ្រោះ ដោយសារទឹកជំនន់នេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top