ព័ត៌មានអន្តរជាតិ

ក្រសួងទេសចរណ៍ថៃ កំពុងតាមដានបញ្ហាអាជីវកម្មចិនខុសច្បាប់ zero-dollar tours ដែលធ្វើឱ្យខូចមុខមាត់ប្រទេសថៃ និងប៉ះពាល់ដល់វិស័យទេសចរណ៍

រូបភាពពី៖​ XINHUA

បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ គឺលោកស្រី Sudawan Wangsupakitkosol បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយមិនយកទិដ្ឋាការរបស់ប្រទេសថៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងឥណ្ឌា គឺនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រតិបត្តិករអាជីវកម្មខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ លោកស្រីបន្តថា គោលនយោបាយនេះនឹងពន្លឿនការបង្កើតប្រាក់ចំណូលក្នុងវិស័យទេសចរណ៍។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Sudawan Wangsupakitkosol ថា ក្រសួងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាអាជីវកម្មចិនខុសច្បាប់ ដូចជាដំណើរកម្សាន្តតម្លៃសូន្យដុល្លារ ដែលធ្វើឲ្យខូចមុខមាត់ប្រទេសថៃ និងប៉ះពាល់ដល់វិស័យទេសចរណ៍។ លោកស្រីបានបន្តថា នេះជាឱកាសល្អសម្រាប់ក្រសួងទេសចរណ៍ទាំងថៃ និងចិន ក្នុងការដោះស្រាយបញ្ហាប្រឈមនេះជាប្រព័ន្ធ។

លោកស្រីបាននិយាយថា ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងគ្រប់ទម្រង់ នៃអាជីវកម្មខុសច្បាប់គឺជាការចាំបាច់ ដោយលោកស្រីបានបន្ថែមថា អ្នកដំណើរចិន មិនគួរត្រូវបានស្តីបន្ទោសចំពោះការកេងប្រវ័ញ្ចប្រតិបត្តិករអាជីវកម្មថៃ នោះទេ។

លើសពីនេះ លោកស្រីបាននិយាយថា ភ្ញៀវចិនជាង ២,២៣ លាននាក់នៅឆ្នាំនេះ បានរួមចំណែកដល់ប្រាក់ចំណូលជាង ១០០ ពាន់លានបាត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ រូបនេះបាននិយាយថា ការកើនឡើង នៃភ្ញៀវបរទេសនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសថៃ៕ ប្រែសម្រួលៈ ណៃ តុលា

To Top