បរទេស ៖ សមាជិកព្រឹទ្ធសភាមួយរូប របស់ប្រទេសថៃ បានព្រមានរដ្ឋាភិបាលឱ្យប្រព្រឹត្ត ចំពោះអ្នកទោសទាំងអស់ ដោយយុត្តិធម៌ ហើយបានអះអាងថា ឯកសិទ្ធិដែលទណ្ឌិត ជាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបាន គឺអាចបង្កបញ្ហា ដល់រដ្ឋាភិបាល នៅពេលខាងមុខ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងថ្ងៃទីពីរ នៃការជជែកដេញ ដោលលើសេចក្តីថ្លែងការណ៍ គោលនយោបាយ របស់រដ្ឋាភិបាល ក្នុងសភាកាលពីថ្ងៃអង្គារ ព្រឹទ្ធសមាជិក លោ Thawil Pliensri បាននិយាយថា លោកថាក់ស៊ីន អាយុ ៧៤ឆ្នាំ បានស្ថិតនៅប្រហែល ១៣ម៉ោង ក្នុងពន្ធនាគារ Remand ទីក្រុងបាងកក មុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Police General ។
លោកថាក់ស៊ីន ទទួលការព្យាបាល នៅបន្ទប់ឯកជន Royal Suite 1401 ជាន់ទី ១៤ នៃអគារ Maha Bhumibol Rachanusorn 88 Phansa បន្ទាប់ពីលោកមានអាការៈឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមចុះទាប កាលពីយប់ថ្ងៃទី ២២ សីហា ជាថ្ងៃដែលលោកត្រឡប់មកប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ ។
លោកថាក់ស៊ីន បានស្ថិតនៅក្នុងមន្ទីរពេទ្យជាង ២០ថ្ងៃ ហើយត្រូវបានអនុញ្ញាត ឲ្យមានអ្នកមកសួរសុខទុក្ខចំនួន ១០ នាក់ក្នុងមួយថ្ងៃ។ លោកក៏បានទទួលការបន្ធូរបន្ថយទោស ពីព្រះមហាក្សត្រ ពីជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំមកនៅត្រឹមមួយឆ្នាំ។
ជាលទ្ធផល លោក Thawil ថ្លែងថា ពេលនេះលោកបានអំពាវនាវ ឲ្យរដ្ឋាភិបាលប្រព្រឹត្ត ចំពោះអ្នកទោសទាំងអស់ដោយស្មើភាពគ្នា។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាល គោរពតាមគោលការណ៍ និងស្តង់ដារតុលាការ ។ ឯកសិទ្ធិទាំងអស់ ដែលលោកថាក់ស៊ីន កំពុងទទួលបានអាច នឹងធ្វើឱ្យមនុស្សជាច្រើនខកចិត្ត ហើយវាអាចនាំឱ្យមានឧប្បត្តិហេតុ ដែលមិននឹកស្មានដល់ នាពេលអនាគត” ។
ទន្ទឹមនឹងនេះ លោក Praphrut Chatprapachai អ្នកជំនាញផ្នែកច្បាប់ និងជាអតីតបេក្ខជនតំណាងរាស្រ្ត គណបក្សប្រជាធិបតេយ្យ បានជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់លើលោក ថាក់ស៊ីន ផងដែរ ពីបទរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ៕
ប្រែសម្រួលៈ ណៃ តុលា