បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាគាំទ្រប្រទេសរុស្ស៊ី ក្នុងការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ លោក គីម គឺកំពុងធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយ ដើម្បីជួបប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅកន្លែងអវកាស ក្នុងតំបន់ Far Eastern Amur របស់រុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក គីម ជុងអ៊ុន បាននិយាយមុនការចរចានៅថ្ងៃពុធនេះថា “ប្រទេសរុស្ស៊ីបានក្រោកឡើងសម្រាប់ការប្រយុទ្ធ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងអនុត្តរភាព” ។ លោកថា “យើងនឹងនៅជាមួយគ្នាជានិច្ច [ជាមួយរុស្ស៊ី] ប្រឆាំងនឹងចក្រពត្តិនិយម” ។
ចំណែកលោក ពូទីន ប្រធានាធិបតីរុស្ស៊ីវិញ បាននិយាយថា “យើងមានមោទនភាព ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្មអវកាស របស់យើង ហើយកន្លែងនេះគឺថ្មីសម្រាប់យើង។ ខ្ញុំសង្ឃឹមថា អ្នក និងសហការី របស់អ្នកចាប់អារម្មណ៍លើវា” ៕
ប្រែសម្រួលៈ ណៃ តុលា