ព័ត៌មានអន្តរជាតិ

សករាជថ្មី នៃចំណងមិត្តភាព កម្ពុជា-ចិន

ក្នុងឱកាសខួប ៦៥ ឆ្នាំនៃការបង្កើត ទំនាក់ទំនងផ្លូវទូត រវាងប្រទេសកម្ពុជា និងចិន ប្រទេស កម្ពុជា បានឈាន ចូលរបត់នយោបាយថ្មី ដែលជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ។ យ៉ាងណាមិញ បើទោះបីជាមានការផ្លាស់ប្តូរ ថ្នាក់ដឹកនាំថ្មី នៅកម្ពុជាក្តី ក៏ប៉ុន្តែចំណង មិត្តភាព រវាងកម្ពុជានិងចិន គ្មានការប្រែប្រួល អ្វីនោះទេ ពោលគឺនៅតែស្អិតល្មួតដូចជំនាន់ ព្រះបរមរតនកោដ្ឋនិង ជំនាន់សម្តេចតេជោ ហ៊ុន សែន ហើយជឿជាក់ថា មុខជានឹងឡើងដល់កម្រិតថ្មី ជាបន្តបន្ទាប់ក្រោមកិច្ចខិតខំប្រឹងប្រែង រួមរបស់រដ្ឋាភិបាលអាណត្តិថ្មី នៃកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលចិន ដែលដឹកនាំដោយ លោកប្រធានរដ្ឋ ស៊ី ជីនភីង ជាក់ជាមិនខាន ។

ចំណងមិត្តភាពកម្ពុជា-ចិនដែលពូនជ្រំឡើង ដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំជំនាន់ចាស់របស់ប្រទេសចិនបានត្រូវបន្តវេន អភិវឌ្ឍនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំងពីរ ហើយប្រជាជននៃប្រទេសទាំងពីរ ក៏ខិតខំថែរក្សានិងឱ្យតម្លៃខ្លាំង ចំពោះចំណងមិត្តភាពប្រពៃណីដ៏វិសេសវិសាល និងថ្លៃថ្លាមួយនេះផងដែរ ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ , មិត្តល្អ , ដៃគូល្អ , បងប្អូនល្អ»មកប្រៀបធៀបពីចំណងមិត្តភាពកម្ពុជា-ចិន ដែលសបង្ហាញយ៉ាងប្រចក្ស ពីគោលនយោបាយការទូត ដែលតម្កល់ទុកគ្នាក្នុងឋានៈអាទិភាព ។ ពិសេសការរួមសុខរួមទុក្ខជាមួយគ្នានៃប្រទេសទាំងពីរបានក្លាយ ជាគំរូភាពនៃទំនាក់ទំនងមេត្រីភាព រវាងប្រទេសធំនិងប្រទេសតូច និងឆ្លុះបញ្ចាំងពីការគោរពគ្នា ភាពសុខដុមរមនា និងសមភាពរវាងជាតិសាសន៍ និងអរិយធម៌ទីទៃគ្នា ។

ប្រទេសចិនកម្រនឹងប្រើពាក្យថា «មិត្តដែកថែប»មកហៅប្រទេស ជាមិត្តណាស់ ប៉ុន្តែកម្ពុជាបានក្លាយជាមិត្តដែកថែបរបស់ចិន នេះបានបង្ហាញពីទំនាក់ទំនង លើសពីកម្រិតការទូត និង នយោបាយ រវាងប្រទេសទាំងពីរ ។ ពិសេសកាលពីដើមខែកុម្ភៈឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា បានធ្វើទស្សនកិច្ច ផ្លូវការនៅប្រទេសចិន ប្រកបដោយផ្លែផ្កា ដែលថ្នាក់ដឹកនាំកម្ពុជានិងចិន បានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងរួមគ្នាកសាងសហគមន៍រួម ជោគវាសនាកម្ពុជា-ចិនដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ក្នុងយុគសម័យថ្មី ។

លើសពីនេះទៅទៀត រំលងបានតែ ៧ ខែប៉ុណ្ណោះបន្ទាប់ពីដំណើរទស្សនកិច្ច របស់សម្តេចតេជោនៅប្រទេសចិន ពោលគឺនៅថ្ងៃទី ១៤ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ច ផ្លូវការនៅប្រទេសចិន ។ ការសម្រេចយកប្រទេសចិន ជាគោលដៅដំបូងបង្អស់ សម្រាប់ដំណើរទស្សនកិច្ច ជាលើកទីមួយក្នុងឋានៈជានាយករដ្ឋមន្ត្រី បានបង្ហាញពីឆន្ទៈរបស់សម្តេចធិបតី និងរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាព ដែកថែបរវាងកម្ពុជានិងចិន ។

អ្នកនាំពាក្យក្រសួង ការបរទេសចិនបានថ្លែងថា «នេះជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់មុខ តំណែងជា នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី នៃកម្ពុជាចំពោះការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងកម្ពុជា ។ ឆ្នាំនេះគាប់ជួនជាខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជាឆ្នាំមិត្តភាពរវាងចិន និងកម្ពុជា ប្រទេសចិនរំពឹងទុកថា ឆ្លងតាមរយៈដំណើរទស្សនកិច្ច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកនេះ ភាគីទាំងពីរនឹងគ្រោងផែនការ ទូទៅអំពីកិច្ចសហប្រតិបតិ្តការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងកម្ពុជាក្នុងមួយរយៈកាលខាងមុខ ជាពិសេសគឺជំរុញ ឱ្យគំនិតផ្តួចផ្តើម ស្តីពីកិច្ចសហប្រតិបតិ្តការដូចជា «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» និង«ច្រករបៀងត្រីនិងអង្ករ» ជាដើមឱ្យទទួលបានប្រសិទ្ធភាពក្នុងពេលឆាប់ៗ ដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាដែលប្រកប ដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ។»

ជាការពិតណាស់ កិច្ចជំនួបរវាងថ្នាក់ដឹកនាំបន្តវេន នៃកម្ពុជានិងថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសចិនក្នុងដំណើរទស្សនកិច្ច របស់សម្តេចធិបតីលើកនេះ ជាការរំពឹងទុករួម របស់ប្រជាជននៃប្រទេសទាំងពីរ ។ យើងអាចជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹងប្រកបដោយផ្លែផ្កា ដែលផ្តល់ផលប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ និងបើកទំព័រសករាជថ្មី នៃចំណងមិត្តភាពទ្វេភាគី ក៏ដូចជាដឹកនាំនាវាមិត្តភាព កម្ពុជា-ចិនឱ្យឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់ជាក់ជាមិនខាន ៕

អត្ថបទ ៖ បុគ្គលិក នៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top