ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ីថា អ៊ុយក្រែន ស្លាប់ទាហានជាង ៧១.០០០នាក់ និងរថក្រោះ ៥៤៣គ្រឿង ត្រូវបំផ្លាញ ចាប់តាំងពីប្រតិបត្តិការវាយបករបស់ទីក្រុងគៀវ

ប្រភព ៖ xinhua

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ព័ត៌មានថ្មី ស្តីពីការស្លាប់ និងរបួស របស់យោធាអ៊ុយក្រែន ចាប់តាំងពីប្រតិបត្តិការរបស់ពួកគេ បានចាប់ផ្តើមនៅដើមខែមិថុនា។ លោកបានកត់សម្គាល់បន្ថែមថា ក្រុងគៀវមិនបានសម្រេចបានលទ្ធផលដែលខ្លួនបានរំពឹងទុកពីដំបូងឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកពូទីនបាននិយាយ នៅឯវេទិកាសេដ្ឋកិច្ចភាគខាងកើត នៅទីក្រុង វ្លាឌីវូស្តុក កាលពីថ្ងៃអង្គារថា “មានការខាតបង់ និងខាតបង់យ៉ាងធំ ។ ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកនេះ អ្នកស្លាប់និងរបួស បានកើនឡើងដល់ ៧១.៥០០នាក់»។ ប្រធានាធិបតីរុស្ស៊ីលោក ពូទីនបានអះអាងថា ក្រុងគៀវកំពុងស្វែងរកការសម្រេចបានលទ្ធផល «ក្នុងតម្លៃណាមួយ» ដែលធ្វើឱ្យវាហាក់ដូចជាថ្នាក់ដឹកនាំអ៊ុយក្រែន មិនខ្វល់ពីជីវិតពលរដ្ឋខ្លួននោះឡើយ។

លោកបានបន្ថែមថា ទីក្រុងគៀវក៏ បានបាត់បង់រថក្រោះចំនួន ៥៤៣ គ្រឿង និងរថយន្តពាសដែកជិត ១៨.០០០គ្រឿង នៃប្រភេទផ្សេងៗគ្នា ក្នុងរយៈពេលបីខែកន្លងមកនេះ ។ លោក ពូទីន បានសន្និដ្ឋានថា អ៊ុយក្រែនមិនអាចទទួលបានផល ចំណេញអ្វីគួរឲ្យកត់សម្គាល់ឡើយ រហូតមកដល់ពេលនេះ ។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ បានអះអាងថា សហរដ្ឋអាមេរិកមានចេតនា “ធ្វើសង្រ្គាមជាមួយអ៊ុយក្រែនចុងក្រោយ ដោយមិនចាំបាច់ចំណាយប្រាក់”។ លោកបានចោទប្រកាន់ថា ការបន្តផ្តល់ជំនួយការពារជាតិ ដល់ទីក្រុងគៀវ ដោយក្រុងវ៉ាស៊ីនតោនបង្ហាញបែបនោះ។ លោកបាននិយាយនៅពេលនោះថា ការផ្គត់ផ្គង់ដោយយោធាអាមេរិក នឹងមិនផ្លាស់ប្តូរដំណើរនៃជម្លោះនោះទេ។

យោងតាមការប៉ាន់ប្រមាណ របស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានបង្ហាញកាលពីសប្តាហ៍មុន ទីក្រុងគៀវបានរងការខាតបង់យ៉ាងធំធេង ក្នុងអំឡុងពេលយុទ្ធនាការរដូវក្តៅរបស់ខ្លួន ដោយទាហានជាង ៦៦.០០០នាក់ត្រូវបានសម្លាប់ និងអាវុធធុនធ្ងន់ជាង ៧.៦០០ត្រូវបានបំផ្លាញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top