ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោក កំពុងឆ្លងកាត់ការផ្លាស់ប្តូរ ភាគច្រើនដោយសារ តែប្រទេសលោកខាងលិច មួយចំនួន កំពុងបំផ្លាញប្រព័ន្ធ ទំនាក់ទំនងហិរញ្ញវត្ថុអន្ដរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក ពូទីន បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅក្នុងសម័យប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៨ (EEF) ឲ្យដឹងថា “យើងដឹង និងអាចមើលឃើញពីរបៀប ដែលសេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរ និងកំពុងបន្តផ្លាស់ប្តូរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្រទេសមួយចំនួន ភាគច្រើនជាប្រទេសលោកខាងលិច កំពុងបំផ្លាញប្រព័ន្ធទំនាក់ទំនងហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលពួកគេខ្លួនឯងបានសាងសង់ឡើង”។
លោកបានបន្តថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការអាជីវកម្ម ពិតប្រាកដរវាងរដ្ឋទាំងនោះ ដែលជ្រើសរើសមិនចុះចាញ់នឹងសម្ពាធពីខាងក្រៅកំពុងពង្រីក។ លោក ពូទីន បានកត់សម្គាល់ថា រដ្ឋទាំងនេះចូលចិត្តធ្វើតាមផល ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
ទីក្រុងវ្លាឌីស្ដុក ចុងបូព៌ារបស់រុស្ស៊ី បានស្វាគមន៍អ្នកចូលរួមរាប់ពាន់នាក់សម្រាប់ EEF លើកទី៨ កាលពីថ្ងៃអាទិត្យ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមតំបន់ នៃអាស៊ីប៉ាស៊ីហ្វិក។
វេទិកា EEF រយៈពេល ៤ថ្ងៃត្រូវបានរៀបចំដោយមូលនិធិ Roscongress ក្រោមប្រធានបទ “នៅលើមាគ៌ានៃកិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាព” បានបម្រើការជាកន្លែងដ៏សំខាន់ សម្រាប់ការសន្ទនារវាងអ្នកនយោបាយ នាយកប្រតិបត្តិអាជីវកម្ម និងអ្នកជំនាញ សម្រាប់ការអភិវឌ្ឍន៍ចុងបូព៌ា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ៕
ប្រែសម្រួល ឈូក បូរ៉ា