បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសន្យាគាំទ្រ ចំពោះប្រទេសរុស្ស៊ីក្នុងការប្រឈមមុខ ដាក់គ្នាជាមួយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។
យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាសេចក្តីថ្លែងការណ៍ របស់លោកត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេល ដែលលោកកំពុង ធ្វើដំណើរទស្សនកិច្ច ដ៏កម្រមួយដើម្បីជួបប្រធានាធិបតី រុស្ស៊ីលោកVladimir Putin នៅកន្លែងឯក្នុងតំបន់ Amur ចុងបូព៌ារបស់រុស្ស៊ី ។
លោក Kim បាននិយាយមុនការចរចា កាលពីថ្ងៃពុធថា៖ប្រទេសរុស្ស៊ី បានក្រោកឡើង សម្រាប់ការប្រយុទ្ធដ៏ពិសិដ្ឋ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ខ្លួនប្រឆាំង នឹងកងកម្លាំងលោកខាងលិច ហើយដូច្នេះយើងនឹងឈរ ជាមួយគ្នាជានិច្ចជាមួយរុស្ស៊ី ដើម្បីប្រឆាំងនឹងក្រុមចក្រពត្តិនិយម។
គួរឲ្យដឹងដែរថាមន្ត្រីជាច្រើន របស់អាមេរិកបានព្រមានលោក Kim នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកថាមិនត្រូវលក់អាវុធឲ្យរុស្ស៊ីនោះឡើយខណៈដែល ទាំងរដ្ឋាភិបាលក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង មិនបានបង្ហាញចេតនាក្នុងការចូលរួមក្នុងការរៀបចំបែបនេះទេ ៕
ប្រែសម្រួល៖ស៊ុនលី