បរទេស៖ មនុស្ស ៥៦ នាក់បានស្លាប់ និង ៣៧ នាក់បានរងរបួស នៅក្នុងអគ្គីភ័យនៅប្លុកផ្ទះល្វែងក្នុងទីក្រុងហាណូយកាលពីល្ងាចថ្ងៃអង្គារ។ ក្នុងចំណោមជនរងគ្រោះដែលស្លាប់មានកុមារ១០នាក់។ ជនរងគ្រោះភាគច្រើនបានស្លាប់នៅនឹងកន្លែង ខណៈអ្នកខ្លះទៀតស្លាប់នៅមន្ទីរពេទ្យ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសក្រុងហាណូយកាលពីរសៀលថ្ងៃពុធបានចាប់ខ្លួនម្ចាស់អគារ ឈ្មោះ Nghiem Quang Minh អាយុ៤៤ឆ្នាំដើម្បីស៊ើបអង្កេតថាតើម្ចាស់អគាររូបនេះ បានបំពានច្បាប់សុវត្ថិភាពអគ្គីភ័យឬយ៉ាងណា។ ការស៊ើបអង្កេតដំបូងបានរកឃើញថា ផ្ទះ ១០ ជាន់របស់លោក Minh បានរំលោភលើលិខិតអនុញ្ញាតសាងសង់ក្នុងឆ្នាំ ២០១៥ ដែលអនុញ្ញាតឱ្យគាត់សាងសង់ត្រឹមតែ៦ជាន់។
អគ្គីភ័យបានឆាបឆេះកាលពីវេលាម៉ោង១១យប់។ ថ្ងៃអង្គារ នៅផ្ទះកម្ពស់ ១០ជាន់ បែងចែកជាបន្ទប់សម្រាប់ជួល ជាង ៤០ គ្រួសារ នៅផ្លូវលំមួយនៅផ្លូវ Khuong Ha ក្នុងសង្កាត់ Thanh Xuan ។
មនុស្សជាច្រើនត្រូវលោតពីលើអាគារដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ខណៈពេលដែលអ្នកផ្សេងទៀតរត់ទៅដំបូលដើម្បីសុំជំនួយ៕ ប្រែសម្រួលៈ ណៃ តុលា