ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកស៊ើបអង្កេតម្នាក់ របស់ថៃ អះអាងថា កំពុងសុំដីការចាប់ខ្លួន អ្នកនយោបាយរបស់បក្សមួយក្នុងរដ្ឋាភិបាលចម្រុះ ដែលបានទិញសេវាផ្លូវភេទពីនារី អាយុ១៥ឆ្នាំម្នាក់

រូបភាពពី៖​ the star

បរទេស៖ ប៉ូលីសខេត្ត Saraburi របស់ប្រទេសថៃ កំពុងស្វះស្វែងសុំដីកាចាប់ខ្លួនពីតុលាការសម្រាប់បុគ្គល ៥នាក់ដែលពួកគេជឿថា ជាអតិថិជនរបស់ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ដែលត្រូវបានម្តាយបង្ខំឱ្យធ្វើពេស្យាចារនៅឯរមណីយដ្ឋានមួយក្នុងខេត្ត Saraburi ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Somkid Sawisai ប្រធានផ្នែកអធិការកិច្ចរបស់ប៉ុស្តិ៍នគរបាលក្រុង Saraburi បានបង្ហាញឱ្យដឹងកាលពីថ្ងៃពុធថា ជនសង្ស័យ២នាក់ក្នុងចំណោមជនសង្ស័យទាំង៥នាក់ក្នុងសំណុំរឿងនេះ ត្រូវបានសាកសួររួចហើយ និងបានអនុញ្ញាតឱ្យមានការដោះលែងបណ្តោះអាសន្ន។ ទាំង២នាក់ គឺម្នាក់ជាបុគ្គលិកមន្ទីរពេទ្យនៅ Saraburi និងម្នាក់ទៀតជាអ្នកម៉ៅការសំណង់នៅខេត្ត Lopburi។

លោកបានបន្ថែមថា ជនសង្ស័យ៣នាក់ផ្សេងទៀតដែលកំពុងរត់ការ គឺជាអ្នកនយោបាយមកពីគណបក្សក្នុងរដ្ឋាភិបាលចម្រុះ, ម្នាក់ទៀតជាអតីតប្រធានការិយាល័យព្រះពុទ្ធសាសនបណ្ឌិត្យខេត្ត Saraburi និងម្នាក់ទៀត គឺជាមន្ត្រីផ្នែកលក់ក្នុងក្រុមហ៊ុនឯកជន។

លោក Somkid បានបន្ថែមថា អ្នកស៊ើបអង្កេតកំពុងប្រមូលភស្តុតាងដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យទី៦ ដែលអាចមាន។

សូមជម្រាបថា កាលពីថ្ងៃច័ន្ទ ទី ១១ ខែកញ្ញា ប៉ូលីសនៅប៉ុស្តិ៍ Ban Mo នៃខេត្ត Saraburi បានទទួលពាក្យបណ្តឹងពីបុរសម្នាក់ អាយុ ៣៧ឆ្នាំ ដែលអះអាងថា ប្រពន្ធជាជនជាតិមីយ៉ាន់ម៉ារបស់គាត់ បានបង្ខំកូនស្រីអាយុ ១៥ ឆ្នាំ ផ្តល់សេវាផ្លូវភេទដល់ភ្ញៀវនៅរមណីយដ្ឋានមួយក្នុងខេត្ត នៅកន្លែងដែលនាងធ្វើការ។

ក្មេងស្រីនេះត្រូវបានគេរាយការណ៍ថា នាងត្រូវបានគេបង្ខំឱ្យធ្វើពេស្យាចារនៅឆ្នាំ ២០២២ ហើយថា ម្តាយរបស់នាងក៏បាន រកក្មេងស្រីនិងស្ត្រីផ្សេងទៀត ឱ្យភ្ញៀវនៅឯរមណីយដ្ឋាននេះផងដែរ។ តាមរយៈការស្វែងរកតាម Google នាងបានកំណត់អត្តសញ្ញាណអតិថិជន ៦ នាក់ រួមទាំងអ្នកនយោបាយ និងនាយកសាលាម្នាក់ ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top