ព័ត៌មានអន្តរជាតិ

ក្រុងហុងកុង ប្រកាសបិទផ្អាក ដំណើរការសាលារៀនជាច្រើន ក្រោយពីរងគ្រោះ ដោយសារព្យុះភ្លៀង បង្កជាគ្រោះទឹកជំនន់

ប្រភព៖ AFP

ហុងកុង ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រុងហុងកុង បានបិទផ្អាកដំណើរ ការសាលារៀន នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយពីអាជ្ញាធរបានចេញ សញ្ញាអំពីភ្លៀងធ្លាក់ខ្ពស់ បំផុតកម្រិតទី២ និងបានព្រមានអំពីគ្រោះទឹកជំនន់ កើតឡើងភ្លាមៗ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ អាស៊ីមួយនេះ ត្រូវបានជន់លិច ដោយសារភ្លៀង ធ្លាក់ខ្លាំងបំផុត គិតចាប់តាំងពីមាន នៅកំណត់ត្រា ដែលបានចាប់ផ្តើមកាលពី១៤០ឆ្នាំមុន ។

ក្រុមសង្កេតការណ៍ អាកាសធាតុ របស់ទីក្រុងនេហះបានចេញសញ្ញា ពណ៌ “ក្រហម” នៅមុនម៉ោង៦ព្រឹក ម៉ោងក្នុងស្រុក ដោយបានអះអាង គ្រាប់ភ្លៀងមានទំហំ លើសពី៥០មីលីម៉ែត្រក្នុងរយៈពេល១ម៉ោង នៅពេលកំពុងធ្លាក់ចុះ ហើយទំនងជានឹង បន្តធ្លាក់ចុះថែមទៀត ។

ក្រុមអ្នកអង្កេតការណ៍ខាងលើបានបញ្ជាក់ឲ្យដឹងថា “ភ្លៀងធ្លាក់ខ្លាំងនឹងនាំមកនូវគ្រោះទឹកជំនន់ភ្លាមៗ ហើយទឹកជំនន់កំពុងកើតឡើង ឬរំពឹងថា នឹងកើតឡើងនៅតាមផ្លូវទឹកនានា” ។

យ៉ាងណាមិញ សម្រាប់ទីផ្សារភាគហ៊ុនរបស់ហុងកុង វិញនឹងនៅតែបើកដំណើរការដដែល លុះត្រាតែមានសញ្ញា ពណ៌ “ខ្មៅ”ដែលជាកម្រិតខ្ពស់បំផុតត្រូវបានចេញផ្សាយ ។

ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបានកើតឡើង ខណៈដែលទីក្រុងនេះ នៅតែបន្តជួសជុលការខូចខាត ដែលបណ្តាលមកពីភ្លៀង ធ្លាក់ខ្លាំងដែលបានកើតឡើង ដោយបន្តមកពីព្យុះទីហ្វុង Haikui ដែលបានបោកបក់ឆ្លងកាត់ នៅក្បែរក្រុងនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយនៅក្នុងតំបន់ជាច្រើន នៃទីក្រុងតំបន់ភ្នំ នៅតែមានហានិភ័យខ្ពស់នៃគ្រោះបាក់ដី បន្ទាប់ពីអាកាសធាតុ មានសភាពសើមខុសពីធម្មតា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top