ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ ចាប់ផ្តើមប្រើប្រាស់ដ្រូនឡើងវិញ នៅក្នុងប្រទេសនីហ្សៀ

AFP

បរទេស៖ មេបញ្ជាការយោធាអាមេរិកលោក James Hecker បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកបានបើកដំណើរការ ទាំងយន្តហោះដ្រូន និងយន្តហោះមានមនុស្សបើកឡើងវិញ នៅមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងប្រទេសនីហ្សៀដែលជាផ្នែកមួយ អាមេរិកហៅថា ជាបេសកកម្មប្រឆាំងនឹងភេវរកម្ម។

យោងតាមការចេញផ្សាយរបស់ RT ការដំណើរការហោះហើរឡើងវិញនេះ បានប្រកាសឡើងនៅបន្ទាប់ពី រយៈពេលជាងមួយខែកន្លងមកនេះ ប្រតិបត្តិការយោធារបស់ខ្លួន ត្រូវបានផ្អាកបណ្តោះអាសន្ន នៅចំពោះមុខរដ្ឋប្រហារដោយយោធា ក្នុងប្រទេសនីហ្សៀកាលពីថ្ងៃទី២៦ ខែកក្កដា ដែលបានបណ្តេញលោកប្រធានាធិបតី ស្របច្បាប់ Mohamed Bazoum ចេញពីតំណែង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសន្និបាតប្រចាំឆ្នាំរបស់ សមាគមកងកម្លាំងអាកាស និងអវកាសនៅឯ National Harbor រដ្ឋ Maryland កាលពីថ្ងៃព្រហស្បតិ៍ លោក Hecker បាននិយាយថា ប្រតិបត្តិការយន្តហោះគ្មាន មនុស្សបើកសម្រាប់ការស៊ើបការណ៍សម្ងាត់ និងបេសកកម្មឃ្លាំមើលបាន បន្តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំ រដ្ឋប្រហារនៅក្នុងទីក្រុង Niamey ។

គួរឲ្យដឹងថានីហ្សើគឺជាមជ្ឈមណ្ឌលចម្បង សម្រាប់ប្រតិបត្តិការយោធាអាមេរិក ដែលពាក់ព័ន្ធនឹងការស៊ើបការណ៍ ប្រឆាំងភេរវកម្ម ការឈ្លបយកការណ៍ និងការឃ្លាំមើលប្រឆាំងនឹងក្រុម សកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងតំបន់ Sahel នៃអាហ្វ្រិកខាងលិចហើយកន្លងមករដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន​រក្សា​មូលដ្ឋាន​ទ័ព​ពីរ​ក្នុង​ប្រទេស​នេះ ជាមួយនឹងយោធា​អាមេរិកសរុប​ប្រហែល ១ ១០០ នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top