តូក្យូ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានអនុម័ត នូវបញ្ជីរាយនាមមន្ត្រីជាន់ខ្ពស់ និងអនុរដ្ឋមន្ត្រីសភាថ្មី ដែលមិនមានសមាជិកណាម្នាក់ជាស្ត្រី ផ្ទុយស្រឡះពីជួរគណៈរដ្ឋមន្ត្រី ដែលត្រូវបានរុះរើ ដោយមានស្ត្រីចំនួន ៥រូប។
មានអនុរដ្ឋមន្ត្រីជាន់ខ្ពស់ចំនួន ២៦រូប និងអនុរដ្ឋមន្ត្រីសភាចំនួន ២៨រូបនៅក្នុងបញ្ជី ដែលពួកគេទាំងអស់ គឺជាសមាជិកសភាបុរស ដែលជាកម្មសិទ្ធិរបស់គណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ឬដៃគូចម្រុះវ័យក្មេងរបស់ខ្លួន គឺកណបក្ស Komeito ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ “មនុស្សត្រឹមត្រូវនៅក្នុងមុខតំណែងត្រឹមត្រូវ” ដោយគិតគូរពីភាពចម្រុះនៃ គណៈរដ្ឋមន្ត្រីទាំងមូល រួមទាំងរដ្ឋមន្ត្រី និងទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីផងដែរ។
លោក គីស៊ីដា កាលពីថ្ងៃពុធបានតែងតាំងស្ត្រី ៥រូបជារដ្ឋមន្ត្រី រួមទាំងអ្នកការទូតកំពូលផងដែរ នៅក្នុងការប៉ុនប៉ងជាក់ស្តែងមួយ ដើម្បីធ្វើឱ្យរូបភាពនៃគណៈរដ្ឋមន្ត្រីរបស់លោក និងជំរុញការវាយតម្លៃការអនុម័តធ្លាក់ចុះរបស់ខ្លួន។
រដ្ឋាភិបាលក៏បានជ្រើសរើស ទីប្រឹក្សាពិសេសស្ត្រីពីររូបដល់លោក គីស៊ីដា រួមទាំងអតីតសមាជិកសភាបក្សប្រឆាំងមួយរូប ដែលជាទង្វើមួយដែលត្រូវបានគេមើលឃើញថា ជាការនាំមុខចំពោះការរៀបចំឡើងវិញ ដ៏មានសក្តានុពលនៃក្រុមចម្រុះ ដែលកំពុងកាន់អំណាច៕
ប្រែសម្រួល ឈូក បូរ៉ា