តូក្យូ ៖ សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិ កំពូល របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានធ្វើការហៅទូរស័ព្ទ ៣ផ្លូវដើម្បីពិភាក្សា អំពីកិច្ចប្រជុំនាពេលថ្មីៗនេះ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បានយល់ស្របជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងគឺលោក Takeo Akiba និងលោក Cho Tae Yong រៀងៗខ្លួនថា ការនាំចេញអាវុធ ពីកូរ៉េខាងជើង ទៅរុស្ស៊ី នឹងបំពានលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលទីក្រុងម៉ូស្គូខ្លួនឯង បានបោះឆ្នោតអនុម័ត ។
យោងតាមរដ្ឋាភិបាលជប៉ុន មន្ត្រីទាំង៣ បានចែករំលែក “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” ក្នុងអំឡុងពេលសន្ទនា របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំកំពូលនៅឯកន្លែងបាញ់គ្រាប់ រ៉ុក្កែតនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី អាចនាំទៅដល់ការផ្ទេរអាវុធ និងឧបករណ៍ ពាក់ព័ន្ធរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ។
កាលពីថ្ងៃពុធ លោក គីម បានសន្យាគាំទ្រ លោកពូទីន ដែលជាការតបស្នងបានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការយោធា រួមទាំងការជួយប្រទេស កូរ៉េខាងជើង អភិវឌ្ឍបច្ចេកវិទ្យាមីស៊ីល ។
ទាំងលោក Sullivan, លោក Akiba និងលោក Cho ក៏បានបញ្ជាក់សារជាថ្មី អំពីកិច្ចសហប្រតិបត្តិការ របស់ពួកគេឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរទាំងស្រុង របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមសេតវិមាន និងរដ្ឋាភិបាលជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា