ព័ត៌មានអន្តរជាតិ

លោក គីម ធ្វើទស្សនកិច្ច នៅរោងចក្រ ផលិតយន្តហោះចម្បាំង នៅតំបន់ចុងបូព៌ារុស្ស៊ី

ប្រភព ៖ Kyodo

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោង ចក្រផលិតយន្តហោះចម្បាំង មួយនៅទីក្រុង Komsomolsk-on-Amur ភាគខាងកើតនៃប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានទៅដល់ទីនោះ តាមរថភ្លើងនៅពេលព្រឹក។

ទីភ្នាក់ងារសារព័ត៌មានបានឲ្យដឹងថា រោងចក្រនៅក្នុងតំបន់ Khabarovsk ផលិតយន្តហោះចម្បាំង ដូចជាយន្តហោះចម្បាំង Su-35 និង Su-57 ក៏ដូចជាយន្តហោះស៊ីវិល Sukhoi Superjet 100 ។

លោក គីម ជុងអ៊ុន ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov ដែលមានតួនាទីជារដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មផងដែរ នេះបើយោង តាមប្រភពជិតស្និទ្ធនឹងអាជ្ញាធររុស្ស៊ី ។

រូបភាពដែលចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បង្ហាញលោក គីម នៅឯរោងចក្រជាមួយមេបញ្ជាការយោធា មកពីប្រទេសរបស់លោក។ លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី តាមការអញ្ជើញ របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ហើយទីក្រុងព្យុងយ៉ាង ត្រូវបានគេជឿថា មានគោលបំណងបង្កើន កិច្ចសហប្រតិបត្តិការយោធា ជាមួយទីក្រុងមូស្គូ តាមរយៈដំណើរទស្សនកិច្ចរោងចក្រនេះ ។

កាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន បានជួបជាមួយលោក ពូទីន ជាលើកដំបូងក្នុងរយៈពេលជាង ៤ ឆ្នាំនៅមជ្ឈមណ្ឌលបាញ់បង្ហោះអវកាស Vostochny Cosmodrome ចំពេលមានការព្រួយ បារម្ភថា កូរ៉េខាងជើង អាចផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ដែលកំពុងតែតស៊ូ ដើម្បីបំពេញបន្ថែមនូវឃ្លាំង ស្តុកទុកដែលហត់នឿយយ៉ាងឆាប់រហ័ស ខណៈដែលសង្រ្គាមនៅ អ៊ុយក្រែន អូសបន្លាយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top