បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងត្រូវមានជំនួបជួបជាមួយមេដឹកនាំប្រទេសចំនួនប្រាំ នៃបណ្តាប្រទេសអាស៊ីកណ្តាលដែលមានសម្ព័ន្ធមិត្តរុស្ស៊ី នៅទីក្រុងញូវយ៉ក សប្តាហ៍ក្រោយ។
ប្រភពដដែលបានសរសេរទៀតថា ខណៈពេលដែលក្រុមអ្នកវិភាគដែលគាំទ្រអង្គការណាតូ បានពណ៌នាកិច្ចប្រជុំកំពូលថាជាឱកាសសម្រាប់លោក Biden ដើម្បីប្រឆាំងនឹងឥទ្ធិពលរុស្ស៊ី និងចិន នៅក្នុងតំបន់នោះ សេតវិមានបានទទូចថាកិច្ចប្រជុំនេះគឺ មិនប្រឆាំងនឹងប្រទេសណាមួយឡើយ ។
តាមផែនការលោក Biden នឹងជួបពិភាក្សាជាមួយមេដឹកនាំប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសប្តាហ៍ក្រោយ។
គួរឲ្យដឹងដែរថាតំណាងមកពីប្រទេសទាំង៥នេះធ្លាប់បានជួបជាមួយសមភាគីអាមេរិក របស់ពួកគេចាប់តាំងពីឆ្នាំ២០១៥ប៉ុន្តែកិច្ចប្រជុំកំពូលនៅទីក្រុងញូវយ៉ក នឹងជាលើកដំបូងដែលមេដឹកនាំរបស់ពួកគេបានជួបប្រជុំគ្នានៅទីនោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា កិច្ចពិភាក្សានឹងធ្វើឡើងលើប្រធានបទជាច្រើនដូចជាអំពីបញ្ហាជាច្រើនចាប់ពីសន្តិសុខក្នុងតំបន់ រហូតដល់ពាណិជ្ជកម្ម និងការតភ្ជាប់ ការប្រែប្រួលអាកាសធាតុ និងកំណែទម្រង់ដែលកំពុងបន្តដើម្បីកែលម្អអភិបាលកិច្ច និងនីតិរដ្ឋផងដែរ៕ ប្រែសម្រួល៖ស៊ុនលី