បរទេស៖ ក្រុមហ៊ុនថាមពលធំបំផុត របស់ប្រទេសរុស្ស៊ី Gazprom បានដឹកជញ្ជូនហ្គាសធម្មជាតិរាវឬLNGជាលើកដំបូងរបស់ខ្លួនតាមរយៈផ្លូវសមុទ្រខាងជើង ទៅកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមការចេញផ្សាយរបស់ RT ដែលដកស្រង់ពីក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ LSEG បានឲ្យដឹងថា ភាពជោគជ័យក្នុងការប្រើប្រាស់ផ្លូវទឹកភាគខាងជើងនេះធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ កំពុងមានបំណងចង់ពង្រីកការប្រើប្រាស់ច្រករបៀងអាកទិកចំពោះមុខ នៃទណ្ឌកម្មលោកខាងលិច។
ប្រភពដដែលបានឱ្យដឹងដែរថា កប៉ាល់ Velikiy Novgorod ផ្ទុក LNG ពីរោងចក្រ Portovaya LNG ក្នុងសមុទ្របាល់ទិក បានចេញដំណើរទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៤ខែសីហាហើយពេលនេះនេះវាបានមកដល់ស្ថានីយ Tangshan Caofeidian ក្នុងខេត្ត Hebei ប្រទេសចិន។
គួរឲ្យដឹងដែរថាប្រទេសរុស្ស៊ីចង់ឱ្យច្រកសមុទ្រភាគខាងជើងដែលរត់កាត់មហាសមុទ្រអាកទិក ចេញពីឆ្នេរសមុទ្រភាគខាងជើងរបស់ប្រទេស និងជាផ្លូវដឹកជញ្ជូនខ្លីបំផុតរវាងអាស៊ីបូព៌ា និងអឺរ៉ុប ឱ្យក្លាយជាផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតដោយក្នុងនោះកន្លងមកនិងបច្ចុប្បន្នរុស្សីកំពុងតែធ្វើការវិនិយោគយ៉ាងច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបន្ថែមទៀតដើម្បីគាំទ្រផែនការនេះ៕ ប្រែសម្រួល៖ស៊ុនលី