VIENNA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រធានឃ្លាំមើលកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi) បានថ្កោលទោសលើការផ្លាស់ប្តូរ “មិនសមាមាត្រ និងមិនធ្លាប់មាន” របស់អ៊ីរ៉ង់ ក្នុងការរារាំងដល់ក្រុមអធិការកិច្ចជាច្រើន ដែលត្រូវបានចាត់តាំងឱ្យប្រទេសនេះ ដោយរារាំងការចុះត្រួតពិនិត្យសកម្មភាពបរមាណូរបស់ក្រុងតេហរ៉ង់ ។
បើតាមចំណាត់ការរបស់អ៊ីរ៉ង់ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវដែលដឹកនាំដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅឯក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)នៅក្នុងសប្តាហ៍នេះសម្រាប់ក្រុងតេហរ៉ង់ ដើម្បីសហការជាបន្ទាន់ជាមួយទីភ្នាក់ងារ IAEA លើបញ្ហារួមទាំងការពន្យល់អំពីដានរបស់អ៊ុយរ៉ាញ៉ូម ដែលបានរកឃើញនៅកន្លែងដែលមិនបានប្រកាសឲ្យដឹង ។
យ៉ាងណាមិញ លោក Grossi បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ជឿថា អ៊ីរ៉ង់មានប្រតិកម្មខ្លាំងពេកទៅលើករណីនេះ ។
លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំថ្កោលទោសយ៉ាងខ្លាំងចំពោះវិធានការឯកតោភាគីដែលមិនសមាមាត្រ និងដែលមិនធ្លាប់មានពីមុនមក ដែលប៉ះពាល់ដល់ការធ្វើផែនការធម្មតា និងសកម្មភាពត្រួតពិនិត្យទីភ្នាក់ងារនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយផ្ទុយពីការបើកចំហចំពោះកិច្ចសហប្រតិបត្តិការដែលគួរតែមានរវាងទីភ្នាក់ងារ និងប្រទេសអ៊ីរ៉ង់” ។
គួរបញ្ជាក់ថា ចំណាត់ការរបស់ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជា “ការកំណត់” នៃអធិការត្រូវបានអនុញ្ញាត ។ រដ្ឋជាសមាជិកជាទូទៅអាចវេតូអ្នកត្រួតពិនិត្យដែលត្រូវបានចាត់ឱ្យទៅទស្សនាកន្លែងនុយក្លេអ៊ែររបស់ពួកគេក្រោមសន្ធិសញ្ញាមិនឲ្យរីកសាយភាយនុយក្លេអ៊ែរ ហៅកាត់ (NPT) និងកិច្ចព្រមព្រៀងការពារសុវត្ថិភាពរបស់ប្រទេសនីមួយៗជាមួយទីភ្នាក់ងារដែលគ្រប់គ្រងការត្រួតពិនិត្យ ។
ប៉ុន្តែ IAEA បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុង តេហរ៉ង់ ហួសពីការអនុវត្តធម្មតា ។ ទីភ្នាក់ងារនេះបានបញ្ជាក់ទៀតថា អ៊ីរ៉ង់បានប្រាប់ដល់ទីភ្នាក់ងារថា ខ្លួននឹងរារាំងអ្នកចុះត្រួតពិនិត្យ “ជាច្រើន” ដោយមិនផ្តល់តួលេខនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា