ព័ត៌មានអន្តរជាតិ

ហុងគ្រី សម្រេចបន្ដការហាមឃាត់ លើការនាំចូលកសិកម្មអ៊ុយក្រែន

រូបភាពពី៖​ AFP

ប៊ូដាពែស៖ រដ្ឋាភិបាលហុងគ្រី បានពង្រីកការហាមឃាត់លើការនាំចូលកសិកម្មរបស់អ៊ុយក្រែន ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីកសិកម្មហុងគ្រីលោក Istvan Nagy កាលពីថ្ងៃសៅរិ៍ម្សិលមិញនេះ។

លោក Nagy បានគូសបញ្ជាក់ពីការបញ្ចប់ការរឹតបន្តឹងការនាំចូលរបស់សហភាពអឺរ៉ុប លើផលិតផលកសិកម្មអ៊ុយក្រែន កាលពីយប់ថ្ងៃសុក្រ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាការផ្អាកដើម្បីដោះស្រាយការរំខានទីផ្សារ។

រដ្ឋាភិបាលក៏បានស្នើឱ្យបង្កើតមូលនិធិគាំទ្រការឆ្លងកាត់ ដើម្បីជួយសម្រួលដល់ការចែកចាយផលិតផលកសិកម្មរបស់អ៊ុយក្រែន ទៅកាន់គោលដៅហួសពីអឺរ៉ុប ដោយហេតុនេះ ជៀសវាងគ្រោះទុរភិក្ស និងរលកចំណាកស្រុក ដែលមានសក្តានុពល។

បណ្តាប្រទេសនៅអឺរ៉ុបកណ្តាលផ្សេងទៀត ដូចជាប៉ូឡូញ និងស្លូវ៉ាគី បានប្រមូលផ្តុំគ្នានៅពីក្រោយជំហររបស់ហុងគ្រី ដោយបានបន្ទរពីតម្រូវការ ដើម្បីការពារផលប្រយោជន៍កសិកររបស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ រូម៉ានី នៅតែរក្សាការប្រុងប្រយ័ត្ន ដោយរង់ចាំផែនការសកម្មភាពរបស់អ៊ុយក្រែន មុនពេលសម្រេចចិត្តលើដំណើរសកម្មភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ ប្រទេសប៊ុលហ្គារី កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមបន្តវិធានការនាំចូល សម្រាប់ផលិតផលកសិកម្មរបស់អ៊ុយក្រែន។

កាល​ពី​ខែ​ឧសភា គណៈកម្មការ​អឺរ៉ុប ​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន ​ទៅ​កាន់​ប្រទេស​អឺរ៉ុប ​ចំនួន ៥ គឺ​ប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និង​ហុងគ្រី ដោយការដាក់កំហិតបានផុតកំណត់កាលពីថ្ងៃសុក្រ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top