ព័ត៌មានអន្តរជាតិ

សកម្មជននយោបាយរបស់ថៃ ទាមទាឱ្យប៉ូលីសភូមិន្ទថៃ ផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពសុខភាពរបស់លោក ថាក់ស៊ីន

រូបភាពពី៖​ AFP

បរទេស៖ សកម្មជននយោបាយកាលពីម្សិលមិញបានអំពាវនាវឱ្យប៉ូលីសភូមិន្ទថៃ (RT) ផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ ហើយដែលបានសម្រាកនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារជិតមួយខែមកនេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Police Genera នៅយប់នៃការត្រឡប់មកវិញរបស់លោកនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីមានរោគសញ្ញាជាច្រើន រួមទាំងការឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមចុះទាប ខណៈពេលកំពុងនៅដាច់ដោយឡែកនៅពន្ធនាគារ។

សកម្មជនដែលដឹកនាំដោយលោក ពិចិត្រ ចៃមង្គល (Pichit Chaimongkol) បានដាក់ញត្តិជាមួយអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ ដាំរ៉ុងសក្តិ កិតិប្រាប៉ាស (Damrongsak Kittiprapas) ដោយអំពាវនាវឱ្យធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខភាពរបស់លោក ថាក់ស៊ីន និងបញ្ជីឈ្មោះគ្រូពេទ្យដែលព្យាបាលលោក ថាក់ស៊ីន។

លោក ពិចិត្រ បាននិយាយថា សាធារណជនចង់ដឹងថា តើលោកថាក់ស៊ីន ពិតជាឈឺ ឬត្រូវការការព្យាបាលពិសេស ហើយថាលោកមិនត្រូវបានផ្តល់ការព្យាបាលពិសេសអ្វីនោះទេ។

សកម្មជនរូបនេះបានកត់សម្គាល់ថា លោក ថាក់ស៊ីន មានកាយសម្បទារឹងមាំនៅពេលលោកមកដល់អាកាសយានដ្ឋានដុនមឿងកាលពីថ្ងៃទី២២ ខែសីហា។ នៅពេលដែលស្ថានភាពរបស់លោកថាក់ស៊ីនកាន់តែយ៉ាប់យ៉ឺនដូចដែលបានរាយការណ៍ ពួកគេបានចោទសួរថាតើលោកពិតជាឈឺហើយត្រូវការការព្យាបាលនៅខាងក្រៅកន្លែងដែរឬយ៉ាងណា។

លោកបាននិយាយទៀតថា “ក្រុមលោកនឹងស្វែងរកកិច្ចប្រជុំជាមួយអគ្គនាយក នៃនាយកដ្ឋានកែប្រែរបស់ថៃនៅថ្ងៃសុក្រ ដើម្បីសាកសួរអំពីលក្ខខណ្ឌរបស់លោកថាក់ស៊ីន”។

នៅពេលត្រឡប់ចូលប្រទេសថៃវិញ លោក ថាក់ស៊ីន ត្រូវបានតុលាការបង្គាប់ឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំលើករណីពុករលួយចំនួនបី មុនពេលលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ដែលក្នុងនោះទោសរបស់លោកត្រូវបានកាត់បន្ថយត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។

ប្រភព​មួយ​បាន​និយាយ​ថា មេធាវី​របស់​លោក​ថាក់ស៊ីន គឺ​លោក Winyat Chartmontre កំពុង​សម្លឹង​រក​ការ​កាត់​បន្ថយ​ការ​ជាប់​ពន្ធនាគារ​បន្ថែម​ទៀត ឬ​សម្រាប់​ការ​ដោះលែង​ឲ្យ​បាន​ឆាប់ តែម្តង៕
ប្រែសម្រួលៈ ណៃ តុលា

To Top