ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ថា (DGHS) ស្ថិតនៅក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទ ប្រទេសបង់ក្លាដេសបានរាយការណ៍ពីករណីជំងឺគ្រុនឈាមថ្មីចំនួន៣.០៨៤នាក់ និងអ្នកស្លាប់ថ្មីមានចំនួន១៧នាក់ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លងបានកើនឡើងដល់១៧០.៧៦៨ករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៨០០នាក់មកទល់ពេលនេះ ។
បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋាន DGHS ករណីជំងឺគ្រុនឈាមចំនួន៤៦.៩៦០ត្រូវបានកត់ត្រារហូតមកដល់ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពី៧១.៩៧៦នៅក្នុងខែសីហា និង៤៣.៨៥៤នៅក្នុងខែកក្កដា ហើយការស្លាប់សរុបចំនួន៨៣៩ នាក់ រួមមានចំនួន២៤៦នាក់នៅក្នុងខែកញ្ញា ចំនួន៣៤២នាក់នៅក្នុងខែសីហា និងចំនួន២០៤នាក់នៅក្នុងខែកក្កដា ។
អគ្គនាយកដ្ឋាន DGHS បានឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយសរុបមកទល់ពេលនេះនៅក្នុងប្រទេសមានចំនួន ១៥៩.៨៩៧នាក់ រួមទាំងអ្នកជាសះស្បើយថ្មីចំនួន៣.៤៧២នាក់ គិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។
គួរបញ្ជាក់ថា រដូវមូសុងគិតពីខែមិថុនា ដល់ខែកញ្ញានេះ គឺជារដូវនៃជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដេស ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានហានិភ័យខ្ពស់ ងាយនឹងកើតជំងឺដោយសារសត្វមូសខ្លាខាំ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា