ថ្ងៃទី ១៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ លោក Han Zheng អនុប្រធានរដ្ឋចិន បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនិងលោក Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅក្រុងញូវយ៉ក ។
ពេលជួបជាមួយលោក Guterres លោក Han Zheng បានថ្លែងថា បច្ចុប្បន្ននេះបម្រែបម្រួល នៃនិម្មាបនកម្មក្នុងមួយសតវត្សន៍នៅលើពិភពលោកកំពុងកើនឡើង ហើយកត្តាមិននឹងនរនិងមិនប្រាកដប្រជាគ្រប់បែបយ៉ាងបានប្រទាក់ក្រឡាគ្នា ។ ស្ថានការណ៍អន្តរជាតិកាន់តែស្មុគ្រស្មាញនិងតានតឹង កាន់តែត្រូវការអង្គការសហប្រជាជាតិដែលប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដនិងមានឥទ្ធិពលខ្លាំងក្លា ។
ប្រទេសចិននឹងធ្វើជាអ្នកស្ថាបនាសន្តិភាពពិភពលោក អ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោកនិងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជាប់រហូត ក៏ដូចជាគាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ។
នៅពេលជួបជាមួយ Blinken លោក Han Zheng បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកដែលប្រកបដោយភាពរឹងមាំនិងស្ថិរភាព គឺមានអត្ថប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក ។ ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាកាលានុវត្តភាព មិនមែនជាបញ្ហាប្រឈមទេ ហើយជាផលចំណេញ មិនមែនជាហានិភ័យចំពោះសហរដ្ឋអាមេរិកទេ ។
ភាគីទាំងពីរអាចជំរុញភាពជោគជ័យទៅវិញទៅមកនិងវិបុលភាពរួម ។ សង្ឃឹមថា ភាគីអាមេរិកនឹងសហការជាមួយភាគីចិន ធ្វើរឿងដែលបង្កើនទំនុកចិត្តទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវប្រកបដោយភាពរឹងមាំនិងស្ថិរភាពឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោក ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន