បរទេស៖ អតីតនាយករដ្ឋមន្ត្រីរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការវះកាត់ ហើយកំពុងស្ថិតក្នុងដំណាក់កាល នៃការជាសះស្បើយឡើងវិញ, នេះបើយោងតាមកូនស្រីរបស់លោក គឺលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលបាននិយាយកាលពីថ្ងៃអង្គារ និងថា លោកស្រីមិនដឹងថា លោកថាក់ស៊ីន ត្រូវសម្រាកនៅមន្ទីរពេទ្យ រយៈពេលប៉ុន្មាននោះទេ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី ផែតងតាន បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីស្នាក់ការគណបក្សភឿថៃ ក្នុងទីក្រុងបាងកកថា លោកថាក់ស៊ីនបានវះកាត់កាលពីសប្តាហ៍មុន ហើយនៅមិនទាន់ជាសះស្បើយនៅឡើយទេ។ លោកស្រីថា សម្ពាធឈាមរបស់លោក នៅថ្ងៃខ្លះល្អ ប៉ុន្តែថ្ងៃខ្លះមិនសូវល្អទេ។
លោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយថា អ្នកយកព័ត៌មានគួរសួរគ្រូពេទ្យរបស់លោកថាក់ស៊ីន។ បន្ថែមលើសពីនេះ លោកស្រី ផែតងតានបាននិយាយថា លោកស្រីពិតជាមិនបានដឹងថា តើឪពុករបស់លោកស្រីត្រូវសម្រាក នៅក្នុងមន្ទីរពេទ្យយូរប៉ុណ្ណានោះទេ។
ប្រធានគ្រូពេទ្យនៅមន្ទីរពេទ្យ Police General កាលពីថ្ងៃអង្គារបានបញ្ជាក់ថា លោក ថាក់ស៊ីន បានទទួលការវះកាត់។
ឧត្តមសេនីយ៍ បណ្ឌិត Sophonrat Singhajaru បាននិយាយថា អតីតនាយករដ្ឋមន្ត្រីបានទទួលការវះកាត់កាលពីសប្តាហ៍មុនដោយហេតុផលជាច្រើន។ ស្ថានភាពរបស់គាត់ឥឡូវនេះមានសុវត្ថិភាព ហើយគាត់បានជាសះស្បើយឡើងបណ្តើរៗហើយ។
សូមជម្រាបថា កាលពីថ្ងៃច័ន្ទ សកម្មជនយោបាយបានទាមទារ ឱ្យមានការធ្វើបច្ចុប្បន្នភាពទៅលើសុខភាព របស់លោក ថាក់ស៊ីន ដោយនិយាយថា លោកបានចំណាយពេលមួយខែចុងក្រោយនៅក្នុងមន្ទីរពេទ្យ Police General ដោយបានចូលសម្រាកព្យាបាលភ្លាមៗ បន្ទាប់ពីលោកបានជាប់ពន្ធនាគារ ។
ចំណែកកូនស្រីរបស់លោក ថាក់ស៊ីន បាននិយាយថា គ្រួសាររបស់លោកស្រីកំពុងពិចារណាលើការស្នើសុំការដោះលែងលោកថាក់ស៊ីន ៕
ប្រែសម្រួលៈ ណៃ តុលា