ព័ត៌មានអន្តរជាតិ

លោក Han Zheng អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពីការតាំងបង្ហាញសមិទ្ធិផល នៃកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល

ថ្ងៃទី ១៩ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការតាំងបង្ហាញសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដែលធ្វើឡើងនៅទីចាត់ការទូទៅអង្គការសហប្រជាជាតិប្រចាំនៅក្រុងញូវយ៉ក និងថ្លែងសុន្ទរកថា។

លោក Han Zheng បានលើកឡើងថា កាលពី២ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ក្នុងគោលបំណងជំរុញវឌ្ឍនភាពរួមរបស់បណ្តាប្រទេសលើលោក។ រយៈពេលពីរឆ្នាំបានកន្លងផុតទៅ មានប្រទេសចំនួនលើសពី ៧០ បានចូលរួម “ក្រុមមិត្តភក្តិ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ” ខណៈភាគីចិនបានប្រកាសដាក់ចេញមូលនិធិពិសេសដែលមានទឹកប្រាក់ចំនួន ១ ម៉ឺនលានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះផងដែរ។

បច្ចុប្បន្ន គ្រប់ប្រទេសកំពុងប្រឈមមុខនឹងកាលានុវត្តភាព នៃការធ្វើបរិវត្តកម្ម ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ដូច្នេះហើយ ភាគីចិនសូមលើកឡើងសំណើចំនួន ៤ ចំណុច ពោលគឺ៖ បន្តអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ។ បង្កើនការតភ្ជាប់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់គ្រប់ភាគី។ ចាត់ចែងដោយគ្រប់ជ្រុងជ្រោយនូវធនធានអភិវឌ្ឍន៍គ្រប់បែបយ៉ាង។
បន្តស្វែងរកកំណើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែង។

លោក Han Zheng បានសង្កត់ធ្ងន់ថា នៅលើមាគ៌ាអភិវឌ្ឍន៍ យើងមិនទុកចោលប្រទេសណាមួយនោះទេ ហើយក៏មិនទុកចោលនរណាម្នាក់នោះដែរ នេះជាក្តីបំណងនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលផង ហើយក៏ជាគោលដៅដែលផ្តួចផ្តើមដោយអង្គការសហប្រជាជាតិផង។ ភាគីចិនរំពឹងពីការបន្តពួតដៃធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្រប់ភាគី។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានមានវត្តមាន នៃតំណាងជាង 300 រូបមកពី “ក្រុមមិត្តភក្តិ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” និងរដ្ឋសមាជិកក្រុមប្រទេស77 និងតំណាងមកពីអង្គការអន្តរជាតិ។

បណ្តាភាគីបានចូលរួមអបអរសាទរចំពោះការវិវឌ្ឍដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងការប្រមូលផ្តុំគំនិតឯកភាពរួម ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ រំពឹងថានឹងបង្កើនសាមគ្គីភាពនិងកិច្ចសហការជាមួយចិន ប្រកាន់ខ្ជាប់ពហុភាគីនិយម ដើម្បីជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពនៃអង្គការសហប្រជាជាតិ៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top