បរទេស៖ ធុងសាំងមួយបានផ្ទុះនៅជិតឃ្លាំងប្រេង និងអាកាសយានដ្ឋានក្នុងទីក្រុង រមណីយដ្ឋាន Sochi របស់រុស្ស៊ី ដែលជាកន្លែងប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៤ ។ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ការបំផ្ទុះនេះកើតឡើងមុនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។ មន្ត្រីរុស្ស៊ីមិនទាន់បានបញ្ជាក់ ពីរបាយការណ៍នេះទេ ហើយការស៊ើបអង្កេត កំពុងដំណើរការ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អភិបាលក្រុង Sochi លោក Aleksey Kopaigorodsky បាននិយាយថា ជាលទ្ធផលមិនមាននរណាម្នាក់រងរបួសនោះទេ។ លោកបានបញ្ជាក់ថា៖ «ព្រលានយន្តហោះ និងប្រព័ន្ធដឹកជញ្ជូនទាំងមូលដំណើរការជាធម្មតា» ដោយកត់សម្គាល់ថា ភ្លើងត្រូវបានរលត់ហើយ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មុនពេលមានភ្លើងឆាបឆេះ សំឡេងស្រដៀងនឹង «ផ្គរលាន់» ត្រូវបានគេលឺ។ ឥឡូវនេះសេវាឆ្លើយតបកំពុងធ្វើការ នៅកន្លែងផ្ទុះ។ យោងតាមប៉ុស្តិ៍ Baza Telegram បំណែកនៃយន្តហោះគ្មានមនុស្ស បើកមិនស្គាល់អត្តសញ្ញាណមួយត្រូវបានគេឃើញនៅកន្លែងនោះ។
ចាប់តាំងពីការចាប់ ផ្តើមប្រតិបត្តិការយោធា នៅអ៊ុយក្រែន តំបន់រុស្ស៊ី ក៏ដូចជារដ្ឋធានីមូស្គូ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើក kamikaze ។ ភាគច្រើន នៃយន្តហោះគ្មានមនុស្សបើក គឺត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែន អាកាសរុស្ស៊ី ឬបន្សាបដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច៕
ប្រែសម្រួលៈ ណៃ តុលា