បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា ដោយសារតែការធ្វើសមយុទ្ធរបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី ទើបនាំឱ្យ ហានិភ័យនៃឧប្បត្តិហេតុកើតឡើងដោយអចេតនា និងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាមក្រសួងការបរទេសរុស្ស៊ីថា “យើងចង់បញ្ជាក់ថា ជាលទ្ធផលនៃការធ្វើសមយុទ្ធរបស់សម្ព័ន្ធភាពណាតូនៅជិតព្រំដែនរដ្ឋ ដែនអាកាស និងដែនសមុទ្ររបស់យើង ហានិភ័យនៃឧបទ្ទវហេតុអចេតនា និងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” ។
ក្រសួងបានបន្ថែមថា “គ្រោះថ្នាក់នៃករណីបែបនេះដែលកើនឡើងដោយមិនដឹងខ្លួន និងកើតទៅជាជម្លោះប្រដាប់អាវុធគឺខ្ពស់ខ្លាំងណាស់នៅក្នុងលក្ខខណ្ឌបច្ចុប្បន្ននៃភាពតានតឹងដែលកើនឡើងឥតឈប់ឈរដោយអង្គការណាតូ” ។
ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ Sputnik ថា អង្គការណាតូ មិនបានលាក់បាំងការពិតដែលថាខ្លួនកំពុងអនុវត្តសកម្មភាពដើម្បីទប់ទល់នឹង “ការវាយប្រហារ” របស់រុស្ស៊ីនៅក្នុងវគ្គនៃសមយុទ្ធយោធារបស់ពួកគេនោះទេ។
ក្រសួងការបរទេសរុស្ស៊ីបន្ថែមថា “សមយុទ្ធ Steadfast Defender របស់អង្គការណាតូ ដែលគ្រោងធ្វើនៅនិទាឃរដូវឆ្នាំ ២០២៤ ដោយយោងតាមទិន្នន័យដែលមាន នឹងគ្របដណ្តប់លើទឹកដីនៃប្រទេសមួយចំនួននៅអឺរ៉ុប។ សមយុទ្ធគ្រោងនឹងចូលរួមជាមួយទាហានជាង ៤០.០០០ នាក់” ៕ ប្រែសម្រួលៈ ណៃ តុលា