ព័ត៌មានអន្តរជាតិ

បទវិភាគ៖ មិនថាសហរដ្ឋអាមេរិក និងបស្ចឹមប្រទេសឃោសនា បំប៉ោងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យប្រទេសចិនបំបែកចេញពី”សកលខាងត្បូង(Global South)”បានឡើយ

ហិរញ្ញប្បទានអភិវឌ្ឍន៍ បម្រែបម្រួលអាកាសធាតុ អតុល្យភាព នៃប្រាក់ចំណូល ។ល។ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ ដែលកំពុងបើកធ្វើ ក្តីកង្វល់របស់”សកលខាងត្បូង(Global South)”បានក្លាយជាបញ្ហាពិភាក្សាសំខាន់ៗ ។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ប្រទេសចិន នឹងចូលរួមក្នុងកិច្ចប្រជុំជាច្រើនលើកក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីការទាមទារនិងគំនិតផ្តួចផ្តើមរបស់សមាជិកធម្មជាតិ នៃ”សកលខាងត្បូង” ។

តើ”សកលខាងត្បូង”គឺជាអ្វី ? គឺមានន័យថា អង្គភាពរួម នៃបណ្តាប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា សហរដ្ឋអាមេរិក និងបស្ចឹមប្រទេសកំពុងធ្វើឱ្យនិយមន័យ នៃ”សកលខាងត្បូង”ទៅជាឧបករណ៍នយោបាយដែលប៉ុនប៉ងច្រានចោលប្រទេសចិនឱ្យចេញពី”សកលខាងត្បូង” ដកហូតឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍របស់ចិន ក៏ដូចជាបំបែកបំបាក់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីគាំពារផលប្រយោជន៍និងអនុត្តរភាពរបស់ប្រទេសអភិវឌ្ឍន៍ ។

តើវិធីចែកដាច់ពីគ្នាបែបនេះរបស់សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសមានប្រយោជន៍ទេឬ ? កិច្ចប្រជុំកំពូល”ប្រទេស G៧៧ និងប្រទេសចិន”ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ពោលគឺ កិច្ចប្រជុំកំពូលលើកនេះបានអនុម័តលើ《សេចក្តីប្រកាសក្រុង Havana 》ដែលដាក់បញ្ចូលនូវទស្សនៈនិងគំនិតផ្តួចផ្តើមជាច្រើនរបស់ចិនដោយបានលើកឡើងថា ភាគីពាក់ព័ន្ធនានាគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការអភិវឌ្ឍសកលនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។ នេះគឺជាសញ្ញានៃការរួមសាមគ្គីគ្នានិងពង្រឹងសមត្ថភាពខ្លួនឯងដែលបញ្ចេញដោយ”សកលខាងត្បូង” ហើយក៏បានបញ្ជាក់ម្តងទៀតថា ប្រទេសចិនគឺជាសមាជិកធម្មជាតិនៃ”សកលខាងត្បូង”ផងដែរ ។

ប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតមានបទពិសោធន៍និងដំណើរតស៊ូជាប្រវត្តិសាស្ត្រដូចគ្នា ដែលបាននិងកំពុងប្រឈមមុខនឹងបញ្ហាលំបាកនិងភារកិច្ចអភិវឌ្ឍន៍រួម ក៏ដូចជាមានមតិយោបល់និងការទាមទារស្រដៀងគ្នាចំពោះសណ្តាប់ធ្នាប់អន្តរជាតិនិងអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន ។

នៅពេលដែលចេញផ្សាយ《របាយការណ៍ស្តីពីការកសាងសកលខាងត្បូង》កាលពីឆ្នាំ ២០០៤ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិក៏បានកំណត់យ៉ាងច្បាស់ពីការតម្កល់ទុកប្រទេសចិនជាសមាជិកនៃ”សកលខាងត្បូង” ។

បច្ចុប្បន្ននេះ ទោះបីជាប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែ GDP គិតជាមធ្យមក្នុងមនុស្សម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួនតែ ១,២៧៤១ ដុល្លារអាមេរិកដែលស្មើនឹង ១ ភាគ ៥ នៃអង្គភាពសេដ្ឋកិច្ចរីកលូតលាស់ ក៏ដូចជាស្មើនឹង ១ ភាគ ៦ នៃសហរដ្ឋអាមេរិក ។

ឯប្រាក់ចំណូលសរុបរបស់ប្រជាពលរដ្ឋគិតជាមធ្យមក្នុងមនុស្សម្នាក់ៗក្នុងឆ្នាំ ២០២១ បានស្ថិតនៅចំណាត់ថ្នាក់ទី ៦៨ លើទូទាំងពិភពលោកនិងសន្ទស្សន៍អភិវឌ្ឍន៍របស់មនុស្សជាតិបានស្ថិតនៅចំណាត់ថ្នាក់ទី ៧៩ លើទូទាំងពិភពលោកដែលស្មើនឹងលេខរៀងរបស់ប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗ ។ អាចឃើញថា ប្រទេសចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតដែលត្រូវបានទទួលស្គាល់ជាទូទៅដោយបណ្តាភាគីនានា ។

រយៈពេលរាប់សិបឆ្នាំកន្លងមក ដោយមកពីលក្ខណៈពិសេសផ្នែកនយោបាយស្តីពីភាពឯករាជ្យជាម្ចាស់ការ បេសកកម្មជាប្រវត្តិសាស្ត្រស្តីពីការអភិវឌ្ឍនិងការស្តារភាពរុងរឿងឡើងវិញ គំនិតផ្តួចផ្តើមរួមស្តីពីភាពសច្ចយុត្តិធម៌ បានជាវាបានសម្រេចថា “សកលខាងត្បូង”មិនអាចឃ្លាតពីប្រទេសចិនបានទេ ។ មិនថា សហរដ្ឋអាមេរិកនិងបស្ចឹមប្រទេសឃោសនាបំប៉ោងយ៉ាងណាក៏ដោយ ក៏មិនអាចដាក់ភាគីទាំងពីរឱ្យនៅដាច់ដោយឡែកពីគ្នានោះឡើយ ។

ពេលថ្មីៗនេះ ប្រទេសចិនបានលើកឡើងនូវទស្សនៈស្តីពីការរួមគ្នាបង្កើតសហគមន៍រួមវាសនានៃ”សកលខាងត្បូង”និងរួមគ្នាបង្កើតយុគសម័យថ្មីនៃការអភិវឌ្ឍរួម ។ អាចប៉ាន់ប្រមាណថា ឥទ្ធិពលនៃ”សកលខាងត្បូង”នឹងកើនឡើងជាបន្តបន្ទាប់ដែលនាំមកនូវទិដ្ឋភាពថ្មីដល់អភិបាលកិច្ចសកល ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top