តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Mohammadreza Ashtiani បានជួបជាមួយសមភាគីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក Sergei Shoigu នៅទីនេះក្នុងរដ្ឋធានីអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធាទ្វេភាគី និងបញ្ហាផលប្រយោជន៍រួម។
លោក Ashtiani បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងយោធាដែលមានរយៈពេលជាច្រើនទសវត្សរ៍រវាងប្រទេសទាំងពីរ ដើម្បីធានាបាននូវស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក នឹងបន្តនៅក្នុងក្របខ័ណ្ឌនៃសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោកបានលើកឡើងថា ប្រទេសទាំងពីរបានឆ្លងកាត់កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅអាស៊ីខាងលិច ក្នុងចំណោមប្រទេសដទៃទៀត ដោយកត់សម្គាល់ថា ការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ រួមទាំងលទ្ធិឯកតោភាគីដឹកនាំដោយសហរដ្ឋអាមេរិក គឺជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ ប្រឆាំងនឹងវត្តមានរបស់កងទ័ពឆ្លងតំបន់នៅក្នុងតំបន់ ហើយត្រៀមខ្លួនជាស្រេច ដើម្បីរក្សាបូរណភាពទឹកដីនៃរដ្ឋក្នុងតំបន់ទាំងអស់ និងរក្សាព្រំដែនអន្តរជាតិឱ្យនៅដដែល។
លោកបានបន្ដថា អ៊ីរ៉ង់ មើលទម្រង់ ៣+៣ ដែលបានស្នើឡើង ដែលរួមមានរដ្ឋ Caucasian ៣គឺ អាមេនី អាស៊ែបៃហ្សង់ និងហ្សកហ្ស៊ី និងប្រទេសជិតខាងទាំង៣ គឺរុស្ស៊ី តួកគី និងអ៊ីរ៉ង់ ជាដំណោះស្រាយ សម្រាប់ការដោះស្រាយដោយសន្តិវិធីនៃបញ្ហានៅក្នុងតំបន់ Caucasus៕ ប្រែសម្រួល ឈូក បូរ៉ា