ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក ២២គ្រឿងរបស់អ៊ុយក្រែន ត្រូវប្រព័ន្ធការពារដែនអាកាសរុស្ស៊ី កម្ទេចចោល ពេលប៉ុនប៉ងវាយប្រហារក្នុងទឹកដីរុស្ស៊ី

ប្រភព៖ AFP

បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការការពារដែនអាកាសបានរារាំង ការវាយប្រហារដោយភេរវករនៅពេលយប់ របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅលើឧបទ្វីបគ្រីមៀ ដោយប្រព័ន្ធការពារដែនអាកាសបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក (UAVs) ចំនួន ១៩ គ្រឿងនៅលើឧបទ្វីបនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពាររុស្ស៊ី បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “នៅយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែកញ្ញា របបក្រុងគៀវ បានប៉ុនប៉ង អនុវត្តការវាយប្រហារ ភេរវកម្មដោយប្រើយន្តហោះគ្មាន មនុស្សបើកប្រភេទយន្តហោះ ប្រឆាំងនឹងគ្រឿងបរិក្ខារនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ប៉ុន្តែត្រូវបានរារាំង” ។

“ប្រព័ន្ធការពារដែន អាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៩ គ្រឿងនៅលើទឹកនៃសមុទ្រខ្មៅ និងទឹកដីនៃសាធារណរដ្ឋគ្រីមៀ” ។

ក្រសួងបានបន្ថែមថា ការការពារដែនអាកាសក៏បានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងនៅក្នុងតំបន់ផ្សេងទៀតរបស់រុស្ស៊ីផងដែរ “គឺនៅលើទឹកដីនៃតំបន់ Kursk តំបន់ Belgorod និង Oryol” ។

អភិបាលក្រុង Sevastopol លោក Mikhail Razvozhaev បាននិយាយនៅលើ Telegram ថា សេវាកម្មទាំងអស់ត្រូវបានប្រកាសអាសន្ននៅក្នុងទីក្រុង ដោយបន្ថែមថាស្ថានភាពដែនអាកាសត្រូវបានត្រួតពិនិត្យ៕
ប្រែសម្រួលៈ ណៃ តុលា

To Top