ព័ត៌មានអន្តរជាតិ

Update៖ បង់ក្លាដេស មានអ្នកស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតចំនួន ២១នាក់ ដោយសារជំងឺគ្រុនឈាម

Xinhua

ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រទេសបង់ក្លាដេសបានទទួលរងគ្រោះ ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ខណៈដែលការស្លាប់ដោយសារជំងឺនេះ ឈានដល់កំណត់ត្រាមុន ដែរ បើគិតត្រឹមថ្ងៃពុធម្សិលមិញនេះ ។

អគ្គនាយកដ្ឋានសេវាសុខភាព ហៅកាត់ (DGHS) ស្ថិតក្រោមឳវាទក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ករណី ជំងឺគ្រុនឈាមថ្មីចំនួន ៣.០១៥ករណី និងការស្លាប់ថ្មីមានចំនួន ២១នាក់គិតត្រឹមថ្ងៃពុធ នាំឱ្យចំនួនសរុបកើនឡើងដល់ ១៧៦.៨១០នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៨៥០នាក់នៅក្នុងឆ្នាំនេះ ។

គួររំលឹកថា កាលពីមុន នៅថ្ងៃទី២ ខែកញ្ញា អគ្គនាយកដ្ឋាន DGHS បានរាយការណ៍ពីចំនួន អ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ដែលមានអ្នកស្លាប់ចំនួន២១នាក់ ។

យោងតាមទិន្នន័យរបស់ DGHS បានបង្ហាញឲ្យដឹងថា ករណីជំងឺគ្រុនឈាមចំនួន ៥៣.០០២នាក់ ត្រូវបានកត់ត្រារហូតមកដល់ ពេលនេះនៅក្នុងខែកញ្ញា បន្ទាប់ពីមានចំនួន៧១.៩៧៦នាក់នៅក្នុងខែសីហា និងចំនួន៤៣.៨៥៤នាក់នៅក្នុងខែកក្កដា ហើយការស្លាប់វិញសរុបចំនួន ៨៦៧នាក់ រួមមានចំនួន ២៧៤នាក់នៅក្នុងខែកញ្ញា ចំនួន៣៤២នាក់ នៅក្នុងខែសីហា និង ចំនួន ២០៤នាក់នៅក្នុងខែកក្កដា ។

អគ្គនាយកដ្ឋាន DGHS បានឲ្យដឹងថា ចំនួនសរុបនៃអ្នកជំងឺដែលបានជាសះស្បើយ រហូតមកដល់ពេលនេះនៅក្នុង ប្រទេសមានចំនួន ១៦៥.៦៨០នាក់ រួមទាំងការជាសះស្បើយថ្មីចំនួន ២.៨៣៣នាក់ គិតនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយមកនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top