បរទេស ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ចង់ផ្តល់សេវាអ៊ីនធឺណិត ដល់ប្រទេសវៀតណាម តាមរយៈប្រព័ន្ធផ្កាយរណប Starlink របស់ខ្លួន។ នៅអាស៊ីអាគ្នេយ៍ SpaceX មានវត្តមាន នៅក្នុងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីតាំងពីដើមឆ្នាំនេះ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tim Hughes អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកទំនាក់ទំនង រដ្ឋាភិបាល និងធុរកិច្ចសកលនៅក្រុមហ៊ុន SpaceX Group បាននិយាយនៅក្នុងជំនួប ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ កាលពីថ្ងៃពុធថា ក្រុមហ៊ុនគ្រោងនឹងវិនិយោគនៅប្រទេសវៀតណាម ដែលសមិទ្ធិផលនៃការអភិវឌ្ឍន៍ របស់ខ្លួនទទួលបានអត្រាខ្ពស់។
លោកបានបន្ថែមថា SpaceX ចង់ផ្តល់សេវាកម្ម Starlink ជាពិសេសនៅកន្លែងនានាក្នុងប្រទេសវៀតណាមដែលមានការគ្របដណ្តប់ទាប។
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម បានស្វាគមន៍ ចំពោះសំណើដែលនិយាយថា វានឹងជំរុញការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ហើយបានសន្យាថា ភ្នាក់ងាររដ្ឋាភិបាល វៀតណាមនឹងទាក់ទងជាមួយ SpaceX ។
លោកបានប្រាប់ SpaceX ឱ្យដឹងជាមុនថា សេវាអ៊ីនធឺណិតតាមផ្កាយរណប ត្រូវមានគុណភាពខ្ពស់ និងក្នុងតម្លៃសមរម្យដើម្បីប្រកួតប្រជែង។ ផ្កាយរណប Starlink មានផ្កាយរណបសកម្មចំនួន ៣.៥០០ ដែលផ្តល់សេវាអ៊ីនធឺណិត ដល់អ្នកប្រើប្រាស់ប្រហែល ៥០០.០០០ នាក់ ក្នុង ៣៧ ប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា