ព័ត៌មានអន្តរជាតិ

IOM៖ ពលរដ្ឋជាង៤៣.០០០នាក់បង្ខំជម្លៀសខ្លួនចេញដោយសារគ្រោះទឹកជំនន់នៅលីប៊ី

ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋ៤៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ ដោយសារទឹកជំនន់ដែលបានបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ នៅភាគខាងកើតនៃប្រទេសលីប៊ី ។

អង្គការ IOM បានឲ្យដឹងថា “គ្រោះទឹកជំនន់បានកើតឡើងនៅភាគឦសាន នៃប្រទេសលីប៊ី បានធ្វើឱ្យមនុស្សប្រមាណ ៤៣.០៥៩នាក់ត្រូវបានផ្លាស់ទីលំនៅ” ដោយបានកត់សម្គាល់ឃើញថា កង្វះការផ្គត់ផ្គង់ទឹកត្រូវបានគេរាយការណ៍មកថា បានជំរុញឱ្យអ្នកផ្លាស់ទីលំនៅជាច្រើនចាកចេញពីទីក្រុង Derna ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ និងកំពុងផ្លាស់ទីទៅកាន់ក្រុងផ្សេងទៀត ។

អង្គការ IOM បានឲ្យដឹងទៀតថា “បុគ្គលដែលត្រូវបានផ្លាស់ទីលំនៅបន្តផ្លាស់ទីចេញពីក្រុង Derna ទៅកាន់ទីតាំងភាគខាងកើត រួមទាំង Tobruk ចំនួន១.៣២០នាក់ និងក្រុង Benghazi ចំនួន៧៣០នាក់ ។ ភាគច្រើននៃពួកគេកំពុងស្នាក់នៅជាមួយសាច់ញាតិ ។

អង្គការដដែលនេះ ក៏បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់នៃតំបន់ដែលរងផលប៉ះពាល់ ដែលរួមមានការផ្តល់អាហារ ទឹកស្អាត សុខភាពផ្លូវចិត្ត និងជំនួយផ្លូវចិត្តផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top