សេអ៊ូល៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យកំណត់វិធានការមិនជាក់លាក់ ដើម្បីបង្កើតការទំនាក់ទំនងជាមួយនឹងរុស្ស៊ី បន្ទាប់ពីដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ ទៅកាន់ប្រទេសរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមានថា កិច្ចសហប្រតិបត្តិការ លើអាវុធយោធា នឹងមានគ្រោះថ្នាក់ និងនាំមកនូវផលវិបាក ។
នេះបើយោងតាមសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃសុក្រនេះថា នៅក្នុងអំឡុងពេលកិច្ចប្រជុំការិយាល័យនយោបាយកាលពីថ្ងៃពុធ លោក គីម បានរៀបចំសម្រាប់ការងារដែលត្រូវធ្វើលើការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីនៅ “កម្រិតខ្ពស់ថ្មីមួយនៅក្នុងដំណាក់កាលជាក់ស្តែង” ដើម្បីពង្រឹង “ជោគជ័យ” នៃដំណើរទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី របស់គាត់ ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា លោក គីម បានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំង២ ។
គ្រាដែលកំពុងធ្វើដំណើរ នៅតំបន់ចុងបូព៌ា របស់ប្រទេសរុស្ស៊ី របស់លោក គីម បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានទៅទស្សនាទីតាំងយោធា និងបច្ចេកវិទ្យាសំខាន់ៗរបស់នេះ ។ អ្នកទាំង២បានស្នើឡើងថា ពួកគេនឹងសហការ លើបញ្ហាការពារជាតិ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយ ដែលធ្វើឲ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត រួមទាំងសហរដ្ឋអាមេរិក មានការមិនសប្បាយចិត្តនោះទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា