បរទេស៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ លោកស្រែថា ថាវីស៊ីន បានជួបជាមួយមេដឹកនាំធុរកិច្ចពិភពលោកនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈដែលលោកបានព្យាយាមទាក់ទាញការវិនិយោគបរទេសបន្ថែមទៀតទៅកាន់ប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សាជាមួយប្រធានក្រុមហ៊ុន Tesla លោក Elon Musk ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ហើយពួកគេបានពិភាក្សាអំពីឧស្សាហកម្មរថយន្តអគ្គិសនី (EV) ។
ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលដំឡើងរថយន្តធំជាងគេទីបួននៅអាស៊ី បាននិងកំពុងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) និងអាគុយរថយន្ត ខណៈពេលដែលថៃ ក៏ផ្តល់ការកាត់បន្ថយពន្ធដល់អ្នកទិញរថយន្ត EV ក្នុងស្រុកផងដែរ។
លោក ស្រែថា ដែលកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UNGA78) នៅទីក្រុងញូវយ៉ក បាននិយាយថា លោកបាននិយាយជាមួយលោក Musk អំពីក្រុមហ៊ុន Tesla និងក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណប SpaceX រួមទាំងក្រុមហ៊ុនបណ្តាក់ទុនអ៊ីនធឺណេត Starlink ផងដែរ។
លោក ស្ររថា អតីតមហាសេដ្ឋីអចលនៈទ្រព្យ បាននិយាយតាមរយៈបណ្តាញសង្គម X ដោយអតីត Twitter ថា “ខ្ញុំចាប់អារម្មណ៍នឹងការរីកចម្រើនដែលក្រុមបានធ្វើសម្រាប់មនុស្សជាតិ ហើយយើងចែករំលែកទស្សនៈទូទៅអំពីអនាគតសម្រាប់ពិភពលោកស្អាត។ យើងទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀត” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលថៃបាននិយាយថា លោក ស្រែថា បានប្រាប់លោក Elon Musk តាមរយៈ Video Conference ថារដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រសំណើវិនិយោគក្នុងក្របខ័ណ្ឌលើកទឹកចិត្តដែលមានស្រាប់របស់ប្រទេស។
សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា “ក្រុមហ៊ុន Tesla បានសរសើរធនធានមនុស្សរបស់ប្រទេសថៃ ដែលសមរម្យសម្រាប់ការវិនិយោគ” ៕
ប្រែសម្រួលៈ ណៃ តុលា