យូអិន៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានសរសើរក្រុមប្រទេសទាំង៧៧ (G77) និងប្រទេសចិន ដែលបានគាំទ្រពហុភាគីនិយម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនៃ G77 និងប្រទេសចិន ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំថា “នៅពេលដែលពហុភាគីនិយម កំពុងត្រូវបានសាកល្បងគ្រប់វេន បណ្តាប្រទេសនៃ G77 និងចិន បន្តមានភាពម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពហុភាគី” ។
លោកបានលើកឡើងថា “ហើយយើងបានឃើញភស្តុតាងនៃរឿងនោះក្នុងសប្តាហ៍នេះ ដោយមានការចូលរួមកត់ត្រាដោយរដ្ឋសមាជិកយូអិន ជាពិសេសពីក្រុមនេះ និងការអនុម័តលើសេចក្តីប្រកាសនយោបាយសំខាន់ៗចំនួន៤” ។
ពិភពលោកប្រឈមនឹងបញ្ហាប្រឈមយ៉ាងខ្លាំង ប៉ុន្តែនៅតែរក្សាសមត្ថភាព ដើម្បីធ្វើសកម្មភាព ដោយលោកបានលើកឡើងថា អ្វីដែលខ្វះខាតគឺឆន្ទៈក្នុងការធ្វើសកម្មភាព និងភាពរាបទាបក្នុងការស្តាប់ និងចូលរួម ដោយបង្ហាញពីក្តីសង្ឃឹមថា ក្រុមនេះនឹងបន្តក្លាយជាអ្នកតំណាង សម្រាប់ពហុភាគីនិយម។
សំឡេងនៃក្រុម គឺត្រូវការជាចាំបាច់ សម្រាប់ការអនុវត្តជាបន្ទាន់នៃរបៀបវារៈឆ្នាំ២០៣០ និងសម្រាប់កំណែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ។ ការពិតដែលថា ពិភពលោកមិនដំណើរការលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ច្រើនជាងក្រុមប្រទេសដទៃទៀត ដោយលោក Francis បានលើកឡើងថា សមាជិកនៃ G77 និងប្រទេសចិន ដូច្នេះមានការបាត់បង់ច្រើនជាងគេ។
ការបាត់បង់ការប្រយុទ្ធ ដើម្បីអនុវត្ត SDGs នឹងមានផលប៉ះពាល់សេដ្ឋកិច្ចសង្គមយ៉ាងធំធេងកាត់គ្រប់វិស័យពីវិស័យសុខាភិបាល និងការអប់រំ រហូតដល់ប្រព័ន្ធមហាសមុទ្រ និងនីតិរដ្ឋ។ លោកបានលើកឡើងថា ដូច្នេះ G77 និងប្រទេសចិនមានទំនួលខុសត្រូវក្នុងការរក្សាការប្តេជ្ញាចិត្ត និងមហិច្ឆតាខ្ពស់លើការអនុវត្ត SDGs៕ ប្រែសម្រួល ឈូក បូរ៉ា